ថ្មីៗនេះ Inzaghi បានចែកផ្លូវជាមួយ Inter Milan បន្ទាប់ពីដឹកនាំ 4 រដូវកាល ដោយឈ្នះពាន Serie A មួយ ពាន Coppa Italia ពីរ ពាន Supercoppa Italiana បីដង និងឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ពីរ។
គាត់បានសម្រេចចិត្តទទួលយកបទពិសោធន៍ថ្មីនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលតាមសេចក្តីរាយការណ៍ថាគាត់នឹងក្លាយជាអ្នកគ្រប់គ្រងដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក ដោយទទួលបានប្រហែល 30 លានអឺរ៉ូក្នុងមួយឆ្នាំ រួមទាំងប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗទៀត។
គេហទំព័ររបស់ Al-Hilal បញ្ជាក់ថា Inzaghi បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំ ហើយក៏បានចេញវីដេអូណែនាំផងដែរ ដោយដាក់ឈ្មោះគាត់ថា “The Italian Genius”។ Sky Italia បានរាយការណ៍ ថា វីដេអូនេះត្រូវបានថតនៅសណ្ឋាគារមួយក្នុងទីក្រុងប៉ារីស។
Inzaghi នឹងចាប់ផ្តើមតួនាទីថ្មីរបស់គាត់ជាមួយ Al-Hilal ក្នុងព្រឹត្តិការណ៍ FIFA Club World Cup នៅសហរដ្ឋអាមេរិក ដែលពួកគេនឹងត្រូវជួបជាមួយ Real Madrid នៅថ្ងៃទី 18 ខែមិថុនា Salzburg នៅថ្ងៃទី 23 ខែមិថុនា និង Pachuca នៅថ្ងៃទី 27 ខែមិថុនា។