Real Madrid បានបង្ហាញខ្លួនខ្សែការពារ Dean Huijsen ជាសមាជិកថ្មីជាផ្លូវការ ដែលធ្វើអោយរូបគេមានសិទ្ធិលេងក្នុងការលេងពានរង្វាន់ FIFA Club World Cup 2025 ជាមួយក្លិបអធិរាជស។
កីឡាករ វ័យ២០ឆ្នាំ បានទទួលការចាប់អារម្មណ៍ ពីក្លិបធំៗជាច្រើនដូចជា Chelsea, Liverpool, Arsenal និង Newcastle United តែ Real Madrid ប្រជែងឈ្នះក្លិបទាំងនោះ ដើម្បីចុះហត្ថលេខាលើរូបគេពីក្លិបអង់គ្លេស Bournemouth តាំងពីខែឧសភា ដោយបានចំណាយដល់ទៅ ៥០លានផោនទិញផ្តាច់កុងត្រា។ Dean Huijsen បានចុះកិច្ចសន្យាលេងនាកីឡដ្ឋាន Santiago Bernabéu រយៈពេល ៥ឆ្នាំ នឹងទើបតែទទួលបានការបង្ហាញខ្លួនជាផ្លូវការនៅពេលនេះ។
ជាមួយការបង្ហាញខ្លួនជាសមាជិក Real Madrid ជាផ្លូវការនេះដែរ Huijsen បានបង្ហាញពីចំណាប់អារម្មណ៍ថាវាជា “ថ្ងៃដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ ហើយ Real Madrid គឺជាក្លិបដ៏ល្អបំផុតនៃពិភពលោក ដោយមិនមានក្លិបណាដែលស្រដៀងនឹង ក្លិបនេះ នោះទេ។”
កីឡាករហូឡង់កាត់អេស្ប៉ាញរូបនេះក៏បាននិយាយផងដែរថា រូបគេនឹងស័ក្កសមនឹងទម្រង់លេងបាល់ទាត់ដែលគ្រូបង្វឹកថ្មីលោក Xabi Alonso ចង់លេងក្នុងក្រុម និងមានមហិច្ឆតាច្រើនក្នុងការឈ្នះពានរង្វាន់ជាច្រើនតាមដែលអាចធ្វើទៅបាន។
Dean Huijsen បានចូលរួមជាមួយ Bournemouth ដោយផ្លាស់មកពី Juventus កាលពីរដូវក្តៅមុន និងបានអភិវឌ្ឈន៍ខ្លួន ក្លាយជាកីឡាករខ្សែការពារកណ្តាល ដ៏រឹងមាំមួយរូប នៅក្នុងការប្រកួតបាល់ទាត់នៅតំបន់អឺរ៉ុប ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ រូបគេកាន់តែទទួលការចាប់អារម្មណ៍បន្ថែមទៀត នៅពេលដែលក្រុមជម្រើសជាតិហូឡង់ និង អេស្ប៉ាញ ដណ្តើមគ្នា កោះហៅមករួមក្រុមរៀងខ្លួន។
ដោយឡែក Dean Huijsen នឹងចូលរួមជាមួយ Real Madrid ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចូលរួមការប្រកួត ពានរង្វាន់ FIFA Club World Cup 2025។ Real Madrid នឹងបើកឆាកការប្រកួតពានរង្វាន់ FIFA Club World Cup 2025 ក្នុងពូល H ដោយត្រូវប៉ះក្លិបអារ៉ាប៊ីសាអូឌីត Al Hilal នៅថ្ងៃទី ១៨ ខែមិថុនា រួចបន្តប៉ះ ក្លិបម៉ិកស៊ិក Pachuca នៅថ្ងៃទី ២២ ខែមិថុនា មុនពេលជួប ក្លិបអូទ្រីស Red Bull Salzburg នៅថ្ងៃទី ២៦ ខែមិថុនា៕