Real Madrid បានតែងតាំងអតីតខ្សែបម្រើរបស់ខ្លួន គឺលោក Xabi Alonso មកជាគ្រូបង្វឹកថ្មីក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។
លោក Alonso ដែលធ្លាប់បានបង្ហាញខ្លួន ២៣៦ ប្រកួតអោយ Real Madrid ក្នុងនាមជាកីឡាករបានប្រកាសកាលពីពេលកន្លងទៅថា រូបលោកនឹងចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុម Bayer Leverkusen នៅចុងបញ្ចប់នៃរដូវកាលនេះ។ អតីតខ្សែបម្រើ Liverpool និងក្រុមជម្រើសជាតិអេស្ប៉ាញ លោក Alonso ដែលបានចុះកិច្ចសន្យាជាមួយ Real Madrid រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៨ បានមកកាន់តំណែងជំនួសលោក Carlo Ancelotti។
លោក Carlo Ancelotti បានចូលដឹកនាំការប្រកួតចុងក្រោយរបស់ខ្លួនដោយជួយ Real Madrid ឈ្នះ Real Sociedad ២-០ ហើយក្រោយចាកចេញពី Real Madrid បុរសជនជាតិអ៊ីតាលីនឹង ក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល។
សម្រាប់លោក Xabi Alonso ដែលបានឈ្នះពានរង្វាន់ UEFA Champions League កាលលេងជាកីឡាករនៅ Real Madrid ក្នុងឆ្នាំ ២០១៤ នឹងត្រូវមកទទួលបន្ទុកសម្រាប់ការប្រកួត FIFA Club World Cup 2025 ដែលធ្វើឡើងនាសហរដ្ឋអាមេរិក។ បុរសវ័យ៤៣ឆ្នាំបានដឹកនាំ Bayer Leverkusen ឈ្នះជើងឯក Bundesliga ក៏ដូចជាពានរង្វាន់ German Cup ក្នុងរដូវកាលពេញលេញដំបូងរបស់ខ្លួន អំឡុងយុទ្ធនាការ ២០២៣-២៤។ យ៉ាងណា Bayer Leverkusen បានបរាជ័យក្នុងការរក្សាតំណែងជើងឯក Bundesliga នៅរដូវកាលនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ តាមពីក្រោយក្រុម Bayern Munich ។ មានដំណឹងថា ក្រោយលោក Xabi Alonso ចាកចេញ Bayer Leverkusen កំពុងទាក់ទងអតីតគ្រូបង្វឹក Man UTD លោក Erik ten Hag មកជាគ្រូបង្វឹកថ្មី។
លោក Xabi Alonso ចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូង ជាមួយក្រុមយុវជាអាយុក្រោម ១៤ ឆ្នាំរបស់ Real Madrid ក្នុងឆ្នាំ ២០១៨ ហើយក្រោយមកក៏បានក្លាយជាគ្រូបង្វឹកក្រុមឈុតធំរបស់ Bayer Leverkusen ក្នុងខែតុលា ឆ្នាំ ២០២២ ។ បុរសជនជាតិអេស្ប៉ាញ បានជួយក្លិបពីចំណាត់ថ្នាក់កៀកបាតតារាង រហូតបញ្ចប់ចំណាត់ថ្នាក់លេខ ៦ នៅ Bundesliga 2022-23 មុនពេលជួយក្រុមឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់នៅរដូវកាលបន្ទាប់ និងក្លាយជាក្រុមដំបូងដែលឈ្នះការប្រកួតជាមួយនឹងកំណត់ត្រាមិនចាញ់សោះ៕