Antony អាចនឹងមានអនាគតនៅ Real Betis សម្រាប់រដូវកាល ២០២៥/២៦ តាមរយៈកិច្ចព្រមព្រៀងចម្លែកមួយជាមួយ Manchester United។
ទោះបីជា Real Betis មានការខកចិត្តដែលបានចាញ់ Chelsea ក្នុងផ្ដាច់ព្រ័ត្រ UEFA Conference League ក៏ដោយប៉ុន្ដែក្លិប Betis នៅតែទទួលបានចំណាត់ថ្នាក់ទី ៦ នៅ La Liga ហើយរក្សាបានកៅអីចូលលេង Europa League រដូវកាលក្រោយ។
គ្រូបង្វឹក Manuel Pellegrini នឹងមានថវិកាទិញកីឡាករបន្ថែម តែការទិញ Antony ដោយផ្ទាល់ត្រូវបានគេចាត់ទុកថា ថ្លៃពេកសម្រាប់ក្លឹប។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានបង្ហាញខ្លួនយ៉ាងល្អនៅក្នុងការខ្ចីជើងចេញពី Man United នៅដើមឆ្នាំ ២០២៥ ដោយស៊ុតបាន៩ គ្រាប់ និង Assists ៦ ដងជាមួយ Real Betis។
Man United នៅតែមានចេតនាចង់លក់ Antony នៅរដូវក្តៅនេះ ព្រោះគ្រូថ្មី Ruben Amorim ចង់កាត់បន្ថយប្រាក់ខែកីឡាករនៅ Old Trafford។
បិសាចក្រហម មានទំនុកចិត្តថា អាចនឹងរកបានថ្លៃលក់ច្រើនសម្រាប់អតីតតារា Ajax រូបនេះ ខណៈក្លឹប Atletico Madrid និង Juventus ក៏មានការចាប់អារម្មណ៍ផងដែរ ប្រសិនបើ Real Betis មិនអាចរក្សាគេបាន។ ចំណែកអតីតគ្រូបង្វឹក Man United លោក Erik ten Hag ក៏ត្រូវបាននិយាយថា មានចំណង់ចំណូលចិត្តចង់សហការជាមួយ Antony ម្ដងទៀតនៅ Bayer Leverkusen ប៉ុន្តែ Antony មានជំហរចិត្តចង់នៅប្រកួតបន្តនៅអេស្ប៉ាញ។ ក្លឹប Man United បានដឹងយ៉ាងច្បាស់ថា ត្រូវស៊ូខាតខ្លះលើការលក់នេះ ដោយដាក់តម្លៃលក់ត្រឹម 35 លានអឺរ៉ូ ប៉ុន្តែ Real Betis មិនអាចទូទាត់តម្លៃនេះបានឡើយ។ ហើយជម្រើសថ្មីមួយទៀតដែល Man United បានផ្តល់ជូន គឺការចែកគ្នាកាន់កាប់ម្ចាស់កម្មសិទ្ធិ (shared ownership) ដែល Antony នឹងត្រូវខ្ចីជើងបន្តនៅ Betis នៅរដូវកាលក្រោយ ហើយនឹងផ្លាស់ទៅជាកីឡាករផ្លូវការនៅឆ្នាំ 2026។ នេះនឹងមិនមែនជាការទិញផ្ទាល់ទេ ប៉ុន្តែជាការបង់រលោះជាបន្តបន្ទាប់ ដោយ Real Betis ត្រូវទិញបង់លុយបន្ថែមនាពេលក្រោយ។ ការពិភាក្សាក៏អាចនឹងបញ្ចូលកាតព្វកិច្ចបង់ថ្លៃលក់បន្ថែមប្រសិនបើមានការលក់ទៅកាន់ក្លឹបផ្សេងៗក្នុងអនាគត។ Man United អាចនឹងយល់ព្រមទទួល 20 លានអឺរ៉ូប ជាថ្លៃដំបូង ប្រសិនបើ Real Betis ព្រមខ្ចីជើងវិញ ៕