លឹប Manchester United កំពុងបន្តការស្វែងរកកីឡាករថ្មីមួយរូបទៀតពីក្លឹប Sporting Lisbon គឺ កីឡាករ Morten Hjulmand ក្រោយពួកគេអាចនឹងខកខានក្នុងការចុះហត្ថលេខាលើ Viktor Gyokeres។
ខ្សែបម្រើការពារ Morten Hjulmand មានអាយុ ២៦ ឆ្នាំ ជាកីឡាករដែល Man United និង Man City ទាំងពីរ មានចំណាប់អារម្មណ៍ចង់បាន។ ក្លឹប Sporting ត្រូវការតម្លៃពេញលេញសម្រាប់កីឡាករនេះ គឺ ៨០ លានអឺរ៉ូ (ប្រហែល ៦៩.២ លានផោន) ដែលតម្លៃដ៏ខ្ពស់នេះបានធ្វើឲ្យ Juventus ចាកចេញពីការចរចារហើយ។
Hjulmand គឺជាសិស្សចាស់របស់គ្រូបង្វឹក Ruben Amorim និងបានធ្វើការជាមួយប្រធានបច្ចេកទេស Hugo Viana នៅ Sporting។ Man United និង Man City សុទ្ធតែស្គាល់ពីគុណផលល្អពីគេ។
ជាមួយគ្នានេះ Man United ក៏ត្រូវបានភ្ជាប់ឈ្មោះជាមួយកីឡាករ Gyokeres ដែលកំពុងនាំមុខដោយគូប្រជែងគឺក្រុម Arsenal ដោយខ្សែប្រយុទ្ធរូបនេះស៊ុតបាន ៥៤ គ្រាប់ កាលពីរដូវកាលមុន។
ទោះជាយ៉ាងណា ប្រធានក្លឹប Sporting លោក Frederico Varandas បានបញ្ជាក់ថា គេនឹងមិនលក់កីឡាករនោះទេ ទាល់តែបានតម្លៃសមរម្យ។ ប្រសិនបើមិនបានតម្លៃត្រឹមត្រូវ ពួកគេនឹងពេញចិត្តរក្សាគេអោយលេងបន្ត ដែលកុងត្រានៅសល់ ៣ ឆ្នាំទៀត ៕



