Man City បានចុះហត្ថលេខាលើខ្សែការពារឆ្វេង Rayan Ait-Nouri របស់ Wolverhampton Wanderers ក្នុងតម្លៃ ៣១លានផោន។
កីឡាករសញ្ជាតិអាល់ហ្សេរី បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ នៅកីឡដ្ឋាន Etihad ពោលគឺរហូតដល់ឆ្នាំ ២០៣០។ រូបគេនឹងមានវត្តមានជាមួយ Man City ក្នុងការប្រកួត FIFA Club World Cup 2025 ដែលធ្វើឡើងនាទឹកដីអាមេរិក ឆាប់ៗនេះ។
Rayan Ait-Nouri ដំបូងឡើយបានចូលរួមជាមួយ Wolverhampton ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប បារាំង Angers ក្នុងឆ្នាំ ២០២០ មុនពេលផ្លាស់ទៅលេងជាអចិន្ត្រៃយ៍នៅឆ្នាំបន្ទាប់ ក្នុងកិច្ចព្រមព្រៀងតម្លៃ ១៤,៩ លានផោន។ លេងជាមួយ Wolverhampton កន្លងមក កីឡាករវ័យ ២៤ ឆ្នាំ បង្ហាញខ្លួនបាន ១៥៧ដង ស៊ុតបាន ១២គ្រាប់ និងចែកបាល់សម្រេចទី ១៩ដង។
ការចាកចេញរបស់ Rayan Ait-Nouri គឺជាការចាកចេញនូវកីឡាករដ៏សំខាន់មួយរូបទៀត របស់ Wolverhampton នៅរដូវក្តៅនេះ ដោយ Man UTD បានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha របស់ពួកគេរួចហើយ ក្នុងតម្លៃ ៦២,៥ លានផោន។
ក្រៅពីជោគជ័យក្នុងការនាំយក Rayan Ait-Nouri ក្លិប Man City កំពុងនាំចូលកីឡាករបន្ថែមទៀត ដោយពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៤៦,៣ លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហូឡង់ Tijjani Reijnders របស់ AC Milan ។ Man City ក៏កំពុងស្ថិតក្នុងការពិភាក្សាដើម្បីចុះហត្ថលេខាលើអ្នកចាំទីអង់គ្លេស Marcus Bettinelli ពី Chelsea ផងដែរ។កីឡាករវ័យ ៣៣ ឆ្នាំ គឺជាជម្រើសទី ៣ នៅកីឡដ្ឋាន Stamford Bridge ក្នុងរយៈពេល៤ រដូវកាលកន្លងមក ។ ការចង់បាន Marcus Bettinelli ព្រោះថា អ្នកចាំទីជើងចាស់ Scott Carson នឹងចាកចេញពីក្លិប Man City នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅរដូវក្តៅនេះ។
Man City បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅ Premier League 2024-25 ហើយទទួលបានកៅអីលេង UEFA Champions League ។ ក្រុមរបស់គ្រូបង្វឹកលោក Pep Guardiola នឹងបន្តលេងនៅក្នុងការប្រកួត FIFA Club World Cup 2025។ ពួកគេត្រូវជួបក្រុមម៉ារ៉ុក Wydad AC ក្នុងការប្រកួតបើកឆាក នៅថ្ងៃទី ១៨ ខែមិថុនា មុនពេលប៉ះក្រុមអារ៉ាប់រួម Al-Ain នៅថ្ងៃទី២២ខែមិថុនា និងក្រុមអ៊ីតាលី Juventus នៅថ្ងៃទី២៦ ខែមិថុនា ដែលស្ថិតក្នុងពូល G ជាមួយគ្នា៕