Liverpool និង Crystal Palace សុទ្ធតែធ្វើការអបអរទោះបញ្ចប់ការប្រកួតបិទរដូវកាលក្នុងលទ្ធផលស្មើគ្នា

Goalkhmer.com
Liverpool

Liverpool បានបញ្ចប់ការប្រកួតបិទរដូវកាល Premier League 2024-25 ជាមួយនឹងលទ្ធផលស្មើគ្នា ១-១ ទល់នឹង Crystal Palace ប៉ុន្តែវាជាការប្រកួតនៅកីឡដ្ឋាន Anfield ដ៏រីករាយ ដ្បិតពួកគេបានបញ្ចប់រដូវកាលនេះជាមួយនឹងការឈ្នះជើងឯករួចទៅហើយ។

ការប្រកួតរវាង Liverpool និង Crystal Palace ស្ថិតក្នុងបរិយាកាសអបអរសាទរ ព្រោះទាំង២ក្រុមសុទ្ធតែបានឈ្នះពានរង្វាន់ក្នុងរដូវកាលនេះ ដោយ Liverpool បានឈ្នះជើងឯកលីគកំពូលអង់គ្លេស ខណៈ Crystal Palace ក៏បានឈ្នះពានរង្វាន់ FA Cup ដែលជាការឈ្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

Ismaïla Sarr ជាអ្នករកគ្រាប់បាល់ដំបូងសម្រាប់ Crystal Palace តាំងពីនាទី៩ ហើយរហូតដល់នាទី ៨៤ ទើប Mohamed Salah បានរកគ្រាប់បាល់តាមស្មើមកវិញ។

យ៉ាងណា ក្រោយបញ្ចប់ការប្រកួតនេះ ទាំងអ្នកគាំទ្រក្រុមទាំងសងខាង និង ក្រុមកីឡាករបានធ្វើការអបអរអោយគ្នាទៅវិញទៅមក ដោយមានទាំងការអុជកាំជ្រួច ការស្រែកច្រៀងចម្រៀងរបស់ក្លិបជាដើម។

បន្ទាប់ពីការប្រកួត Mohamed Salah ត្រូវបានផ្តល់ពានរង្វាន់ស្បែកជើងមាស និង Playmaker of Season ដោយអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលទាំងអស់របស់ Liverpool លោក Ian Rush ដែលជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងចំណោមកីឡាករ Liverpool ជាច្រើនរូបផ្សេងទៀតដែលចូលរួមទស្សនាការប្រកួត ហើយក្នុងនោះក៏មានអតីតគ្រូបង្វឹកដ៏ជោគជ័យរបស់ក្លិបលោក Juergen Klopp ផងដែរ។

ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk បានលើកដៃលើកពាន Premier League ជាលើកទី២ ប៉ុន្តែមិនដូចនៅឆ្នាំ ២០២០ នោះទេ ដោយការលើកពានរបស់ពួកគេលើកនេះ មានការចូលរួមទាំងអ្នកគាំទ្រ និង អតីតសមាជិកក្លិបជាច្រើន ពេញទីលាន ដែលជាការលើកពានដ៏រីករាយបំផុត តាំងពីឆ្នាំ១៩៩០មក។

ការប្រារព្ធពិធីបានបន្តនៅលើទីលានមួយរយៈទៀត ខណៈដែលកីឡាកររបស់ Liverpool បានប្តូរវេនគ្នាលើកពាន Premier League និងអបអរសាទរពីហ្វូងអ្នកគាំទ្រ មុនពេលដែលពួកគេនឹងធ្វើការដង្ហែរពានជាផ្លូវការនាទីក្រុង Liverpool នាទី២៦ ខែឧសភា៕

Last News