Inter Milan ជើងឯករង UEFA Champions League បានតែងតាំងគ្រូបង្វឹក Parma លោកCristian Chivu មកជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
បុរសជនជាតិរ៉ូម៉ានី ដែលជាអតីតខ្សែការពារ និងជាគ្រូបង្វឹកក្រុមយុវជននៅ Inter Milan នោះ បានចាកចេញពី Parma បន្ទាប់ពីដឹកនាំបានត្រឹមតែ ១៣ ប្រកួតប៉ុណ្ណោះ ហើយការមកដល់របស់លោកគឺមកជំនួសកន្លែងរបស់លោក Simone Inzaghi ដែលសុំចាកចេញ ក្រោយខកចិត្តមិនអាចជួយក្រុមឈ្នះ ជើងឯក UEFA Champions League ។
លោក Cristian Chivu ត្រូវបានតែងតាំងជាគ្រូបង្វឹក Parma ក្នុងខែកុម្ភៈ ដែលជាតួនាទីគ្រូបង្វឹកជាន់ខ្ពស់ដំបូងរបស់ខ្លួន ដោយការដឹកនាំរបស់លោក បានឈ្នះ៣ប្រកួត ប៉ុន្តែបានធានា Parma ទៅកាន់តំបន់សុវត្ថិភាព មានឱកាសលេងនៅក្របខណ្ឌ Serie A រដូវកាលក្រោយទៀត។
សម្រាប់លោក Simone Inzaghi បានចាកចេញពី Inter Milan បន្ទាប់ពីចាញ់ដោយលទ្ធផលយ៉ាងអាម៉ាស់ ៥-០ នៅ UEFA Champions League វគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើង Paris St-Germain កាលពីថ្ងៃទី ៣១ ឧសភា។ ក្រោយចាកចេញពី Inter Milan ភ្លាម លោក Simone Inzaghi ក៏ទទួលបានតំណែងថ្មីភ្លាមដែរ គឺបានក្លាយជាគ្រូបង្វឹកចូលដឹកនាំក្រុម Al-Hilal នៅក្របខណ្ឌ Saudi Pro League ដែលជាក្រុមមានកៅអី FIFA Club World Cup 2025 ដូច Inter Milan ដែរ។
លោក Cristian Chivu ដែលបានចុះកិច្ចសន្យាជាមួយ Inter Milan រហូតដល់ឆ្នាំ ២០២៧ បានឈ្នះពានរង្វាន់លីគចំនួន ៣ដង ក្នុងអំឡុងពេល៧ឆ្នាំ ប្រកបអាជីពជាកីឡាកររបស់ Inter Milan ។
ជុំវិញការតែងតាំងបុរសវ័យ ៤៤ ឆ្នាំមកជាគ្រូបង្វឹកថ្មីនេះដែរ ខាងក្លិប Inter Milan បានចេញសេចក្តីថ្លែងការណ៍ថា “លោក Cristian Chivu បានឆ្លងកាត់បទពិសោធន៍ និងបញ្ហាប្រឈមនៃសារៈសំខាន់ដ៏ធំសម្បើម ព្រឹត្តិការណ៍ដែលបានធ្វើអោយក្លាយជាគ្រូបង្វឹកអាជីពមួយ ដែលសក្ក័សមក្នុងការមកកាន់តំណែងបន្តនៅ Inter Milan។”
លោក Cristian Chivu នឹងមកដឹកនាំ Inter Milan ទៅកាន់ការប្រកួត FIFA Club World Cup 2025 នាទឹកដី អាមេរិក។ ពួកគេបានផ្គូផ្គងចូលពូល E រួមជាមួយក្លិប អាហ្សង់ទីន River Plate ក្លិបជប៉ុន Urawa Red Diamonds និង ក្លិបម៉ិកស៊ិក Monterrey ៕