Flick ផ្ទុះកំហឹងដាក់អាជ្ញាកណ្តាល និង VAR ក្រោយ Barca ចាញ់ Atletico យ៉ាងអាម៉ាស់ ៤-០

បន្ទាប់ពីទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Metropolitano ក្រោមថ្វីជើងក្រុម Atletico Madrid លោក Hansi Flick បានបង្ហាញអារម្មណ៍ខកចិត្ត និងមួម៉ៅយ៉ាងខ្លាំង។ នៅពេលអ្នកកាសែតសួរដេញដោលអំពីការកាត់សេចក្តីរបស់អាជ្ញាកណ្តាល និងប្រព័ន្ធ VAR គ្រូបង្វឹករបស់ Barcelona រូបនេះបានតបត្រឡប់ទៅវិញដោយពាក្យសម្តីបែបឌីដងថា៖ “តើអ្នកចង់ឱ្យខ្ញុំនិយាយអ្វី?”

នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានលើកឡើងថា៖ “តើចង់ឱ្យខ្ញុំនិយាយអ្វី? ជាដំបូង ការបង្កកំហុស (Foul) លើ Balde គួរតែជាកាតលឿងសម្រាប់ Giuliano ដែលវាអាចនឹងផ្លាស់ប្តូរស្ថានការណ៍នៃការប្រកួតទាំងមូល។ ហើយគួរតែមានកាតលឿងទីពីរថែមទៀតផង។”

អ្វីដែលធ្វើឱ្យលោក Flick ខឹងសម្បារខ្លាំងបំផុតនោះគឺការបដិសេធគ្រាប់បាល់របស់ Cubarsi ដោយលោកបានចោទសួរអំពីការចំណាយពេលដ៏យូរក្នុងការឆែក VAR។ លោកបានសួរថា៖ “តើយើងត្រូវរង់ចាំយូរប៉ុណ្ណា? ៧ នាទី?” ដោយសំដៅទៅលើការពិនិត្យ VAR ដ៏អូន្លាយ។ “ក្នុងទស្សនៈរបស់ខ្ញុំ វាមិនមែនជាបាល់ Offside ច្បាស់ណាស់។ ខ្ញុំយល់ឃើញផ្សេង។ លើសពីនេះ ពេលពួកគេបដិសេធគ្រាប់បាល់ ពួកគេមិនមានការពន្យល់អ្វីឡើយ។ គ្មានការទំនាក់ទំនងទាល់តែសោះ។ ខ្ញុំពិតជាមិនយល់ថាហេតុអ្វីបានជាគេមិនឱ្យគ្រាប់បាល់នេះ។ វាជាការអាម៉ាស់។ វាជាមហន្តរាយ។ តើពួកគេទើបតែរកឃើញកំហុសអ្វីមួយបន្ទាប់ពីមើលអស់ ៧ នាទីមែនទេ?” លោកបានរអ៊ូទាំងកំហឹង។

ដោយងាកមកនិយាយពីទម្រង់លេងរបស់ក្រុមវិញ លោកបានទទួលស្គាល់ថា៖ “តង់ទីមួយយើងលេងមិនបានល្អទេ។ យើងព្យាយាមកែប្រែនៅតង់ទីពីរ ប៉ុន្តែការប្រកួតមិនទាន់ចប់ត្រឹមនេះទេ។ នៅសល់ជើងទីពីរទៀត។ យើងនឹងតស៊ូ ហើយយើងត្រូវការការគាំទ្រពីអ្នកគាំទ្ររបស់យើងនៅ Camp Nou។”

លោកបានបន្ថែមទៀតថា៖ “នៅម៉ោងសម្រាកតង់ ខ្ញុំបានប្រាប់ចំណុចដែលយើងត្រូវកែតម្រូវ។ ក្នុងរយៈពេល ៤៥ នាទីដំបូង ខ្ញុំមិនបានឃើញក្រុមដែលខ្ញុំចង់ឃើញនោះទេ។ តង់ទីពីរគឺជាសាច់រឿងផ្សេង យើងមានឱកាសរបស់យើង។ ទោះបីជាលទ្ធផលនេះពិបាកទទួលយក ប៉ុន្តែយើងនៅសល់ជើងទីពីរទៀត។”

ជាចុងក្រោយ ដោយពន្យល់ពីការសម្រេចចិត្តដក Marc Casado ចេញមុនចប់តង់ លោក Flick បានបញ្ជាក់ថា៖ “ខ្ញុំត្រូវតែដក Marc ចេញព្រោះគេជាប់កាតលឿងមួយ ហើយប្រឈមនឹងហានិភ័យកាតក្រហម ទោះបីជាគេឈ្នះការដណ្តើមបាល់បានច្រើននៅតំបន់កណ្តាលក៏ដោយ។”

Last Post