ខ្សែបម្រើស្លាប Mykhailo Mudryk របស់ក្លិប Chelsea ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ចោទប្រកាន់ពីបទបំពានច្បាប់ប្រឆាំងសារធាតុញៀន បន្ទាប់ពីសំណាកដែលបានយកធ្វើតេស្តកាលពីឆ្នាំមុន បានរកឃើញលទ្ធផលមិនល្អចំពោះសារធាតុហាមឃាត់។
កីឡាករអន្តរជាតិអ៊ុយក្រែន ត្រូវបានព្យួរឈ្មោះជាបណ្តោះអាសន្នដោយ FA ក្នុងខែធ្នូបន្ទាប់ពី ការរកឃើញមិនល្អនៅក្នុងការធ្វើតេស្តទឹកនោម។ ចំពោះកីឡាករដែលត្រូវបានគេរកឃើញថាមានចេតនាប្រើប្រាស់សារធាតុហាមឃាត់អាចត្រូវពិន័យរហូតដល់ទៅ៤ឆ្នាំក្រោមការណែនាំរបស់សហព័ន្ធបាល់ ទាត់ពិភពលោក FIFA ។
នៅពេលនោះសាមីកីឡាករ Mykhailo Mudryk បាននិយាយថា រូបគេភ្ញាក់ផ្អើលនិងថាខ្លួនមិនដែលប្រើសារធាតុហាមឃាត់ណាមួយដោយចេតនាទេ។ កីឡាករវ័យ ២៤ ឆ្នាំមិនបានលេងអោយ Chelsea ចាប់តាំងពីថ្ងៃទី ២៨ ខែវិច្ឆិកា ហើយមិនត្រូវបានបញ្ចូលក្នុងក្រុមប្រកួតចាប់តាំងពីថ្ងៃទី ១ ខែធ្នូ។ Mudryk មិនអាចហ្វឹកហាត់ជាមួយ Chelsea បានទេ តែក្លិប Chelsea នៅតែគាំទ្រ ដល់សុខុមាលភាពផ្លូវចិត្តរបស់គេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ FA បាននិយាយថា “យើងអាចបញ្ជាក់បានថា Mykhailo Mudryk ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ប្រឆាំងសារធាតុញៀន ដោយមានវត្តមាន ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងលក្ខខណ្ឌនៃបទប្បញ្ញត្តិ ៣ និង ៤ នៃបទប្បញ្ញត្តិប្រឆាំងសារធាតុញៀនរបស់ FA ។
Chelsea មិនបានធ្វើអត្ថាធិប្បាយទេ ប៉ុន្តែក្លិបអះអាងថា នឹងចូលរួមសហការដោះស្រាយរឿងរ៉ាវដែលកើតឡើង និងលុបលាងឈ្មោះរបស់ Mykhailo Mudryk ដើម្បីបញ្ជាក់ថា រូបគេមិនដែលប្រើប្រាស់សារធាតុហាមឃាត់ណាមួយដោយចេតនាទេ។
នៅក្រោមច្បាប់របស់ FA កីឡាករណាមួយ មានសិទ្ធិស្នើសុំការវិភាគគំរូ B ពីការធ្វើតេស្តទឹកនោម ក្នុងករណីមានការរកឃើញលទ្ធផលមិនល្អនៅក្នុងគំរូ A។ ប្រសិនបើការវិភាគគំរូ B បញ្ជាក់ពីការរកឃើញវិជ្ជមាន នោះការចោទប្រកាន់នឹងត្រូវកើតឡើង។ យ៉ាងណា កីឡាករអាច ស្នើសុំអោយបញ្ហានេះបន្តទៅសវនាការ។
Chelsea បានចុះហត្ថលេខាលើ Mykhailo Mudryk ពី Shakhtar Donetsk ក្នុងខែមករាឆ្នាំ ២០២៣ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៨៩ លានផោន ហើយរូបគេស្ថិតនៅក្រោមកិច្ចសន្យានៅក្លិបរហូតដល់ខែមិថុនា ឆ្នាំ ២០៣១។
Mykhailo Mudryk ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៣ ដង គ្រប់ការប្រកួតទាំងអស់សម្រាប់ Chelsea៕