Everton បានសម្រេចចុះហត្ថលេខាផ្ទេរយកខ្សែបម្រើ Carlos Alcaraz ពី Flamengo ជាអចិន្ត្រៃយ៍ ក្រោយពេលដែលកិច្ចសន្យាខ្ចីជើងរបស់គេបានបញ្ចប់ ។
Carlos Alcaraz វ័យ ២២ ឆ្នាំបានចូលរួមជាមួយ Everton ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបប្រេស៊ីល Flamengo ក្នុងខែកុម្ភៈ ហើយឥឡូវនេះ រូបគេនឹងចូលរួមជាមួយក្រុមនៅក្របខណ្ឌ Premier League ជាអចិន្ត្រៃយ៍ ដោយតម្លៃនៃកិច្ចសន្យានេះមិនត្រូវបានបង្ហាញនោះទេ។
កីឡាករជម្រើសជាតិអាហ្សង់ទីនបានមានការប្រកួតដ៏រីករាយ នៅឯកីឡដ្ឋាន Goodison Park ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន ៣ ដងក្នុងការបង្ហាញខ្លួន ១៦ លើក។ រូបគេនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៧។
Carlos Alcaraz ធ្លាប់លេងនៅក្របខណ្ឌ Premier League អោយ Southampton ដែលគេបានចូលរួមពីក្លិប Racing របស់អាហ្សង់ទីនក្នុងកិច្ចព្រមព្រៀង ១២លានផោន កាលពីខែមករាឆ្នាំ ២០២៣ ។
ទោះបីជាបានចុះកិច្ចសន្យារយៈពេលវែងថ្មីជាមួយ Southampton នៅឆ្នាំនោះក៏ដោយ ក៏ Alcaraz បានចូលរួមជាមួយ Juventus ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ឆ្នាំ ២០២៤ ដែលជាកន្លែងដែលរូបគេបានឈ្នះពានរង្វាន់ Coppa Italia ។
កាលពីខែសីហាឆ្នាំមុន Carlos Alcaraz បានចាកចេញពី Southampton បន្ទាប់ពីបង្ហាញខ្លួនបាន ៤៨ ប្រកួត ទៅលេងអោយ Flamengo ជាកន្លែងដែលគេបានឈ្នះពានរង្វាន់ Copa do Brasil មុនពេលផ្លាស់មកលេងខ្ចីជើងអោយ Everton និងត្រូវបានផ្លាស់ប្តូរជាអចិន្ត្រៃយ៍នៅពេលនេះ៕







