ក្លិប Crystal Palace កំពុងមានភាពអន្ទះសាចំពោះការពន្យារពេលនៃការសម្រេចចិត្តរបស់ UEFA ជុំវិញអនាគតរបស់ពួកគេក្នុងការលេងនៅពានរង្វាន់ Europa League។
ប្រភពជិតស្និទ្ធនឹង Crystal Palace បានបង្ហើបថា ក្លិបនៅទីក្រុងឡុងដ៍ភាគខាងត្បូងក៏នឹងចាប់ផ្តើមតតាំងតាមផ្លូវច្បាប់ប្រឆាំងនឹងការសម្រេចចិត្ត របស់ UEFA បើសិនជាស្ថាប័ននេះចង់ហាមឃាត់ពួកគេពីការប្រកួតពានរង្វាន់កំពូលអឺរ៉ុបទី២ នៅរដូវកាលក្រោយ។ ការពន្យារពេល ការសម្រេចចិត្តរបស់ UEFA ថាតើ Crystal Palace បានបំពានច្បាប់កម្មសិទ្ធិពហុក្លិបទាក់ទងនឹងការចូលរួមរបស់សេដ្ឋីអាមេរិក លោក John Textor ជាម្ចាស់ភាគហ៊ុននៅ Crystal Palace និងជាម្ចាស់ភាគហ៊ុនក្លិបបារាំង Lyon ផងនោះ បានធ្វើអោយក្លិបអង់គ្លេសមួយ នេះកើតការមិនពេញចិត្តយ៉ាងខ្លាំង។ មែនទែនទៅ UEFA នឹងត្រូវបង្ហាញការសម្រេចចិត្តរបស់ខ្លួនតាំងពីថ្ងៃទី ២៧ ខែមិថុនា មកម្ល៉េះ ប៉ុន្តែបែរជាត្រូវលើកពេលទៅវិញ។
ថ្មីៗនេះ UEFA បានសម្រេចពន្យារពេលការប្រកាសរបស់ពួកគេរហូតដល់ការប្តឹងឧទ្ធរណ៍របស់ Lyon ប្រឆាំងនឹងការកាត់ចេញពីក្របខណ្ឌកំពូលរបស់បារាំងត្រូវបញ្ចប់។ ប្រសិនបើអាជ្ញាធរបាល់ទាត់បារាំងរក្សាការទម្លាក់ Lyon ទៅ Ligue 2 មែននោះ អញ្ចឹង Lyon នឹងត្រូវបង្ខំអោយបោះបង់ចោលអាជ្ញាប័ណ្ណរបស់ពួកគេដើម្បីលេងក្នុងការប្រកួត Europa League ដែលជាការត្រួសត្រាយផ្លូវសម្រាប់ Crystal Palace ទៅលេងក្នុងក្របខណ្ឌ Europa League ។
ការរង់ចាំសេចក្តីសម្រេចចិត្តពី UEFA នេះហើយ ធ្វើអោយមានការរំខានដល់ Crystal Palace ដែលប៉ុនប៉ងលេងនៅពានអឺរ៉ុបអោយខានតែបានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយដែលធ្វើអោយពួកគេយល់ថា ក្លិបបានរងភាពអយុត្តិធម៌។
មានការយល់ឃើញថា UEFA ចង់ផ្តល់ពេលវេលាបន្ថែមដល់ Lyon ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីជួយដល់ការប្តឹងឧទ្ធរណ៍ពីការកាត់ចោលទៅលីគក្រោម ខណៈពេល Crystal Palace អាចរងពិន័យសម្រាប់ការហួសកាលបរិច្ឆេទកំណត់ ដើម្បីរៀបចំរចនាសម្ព័ន្ធកម្មសិទ្ធិរបស់ពួកគេឡើងវិញដើម្បីគោរពតាមបទប្បញ្ញត្តិ ច្បាប់កម្មសិទ្ធិពហុក្លិប។
Lyon ដែលបានគ្រងជើងឯកលីគកំពូលបារាំងចំនួន៧ដងជាប់ៗគ្នា ពីឆ្នាំ ២០០២ និង ២០០៨ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ UEFA Europa League នៅរដូវកាលក្រោយ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងការប្រកួត Ligue 1 2024-25។ រីឯ Crystal Palace ឈ្នះកៅអីក្របខណ្ឌ Europa League រដូវកាល ២០២៥-២៦ តាមរយៈការឈ្នះពានរង្វាន់ FA Cup លទ្ធផល ១-០ ទល់នឹង Man City។
យ៉ាងណា ក្លិបទាំង២កំពុងជួបប្រទះបញ្ហាល្មើសបទបញ្ញាតិរបស់ UEFA ក្នុងការមានម្ចាស់ក្លិបតែមួយ។ តាមច្បាប់របស់ UEFA គឺមិនតម្រូវអោយក្លិបដែលមានម្ចាស់តែមួយអាចលេងពានរង្វាន់អឺរ៉ុបដូចគ្នាបានទេ៕