មរណភាព Diogo Jota ជាការបាត់បង់កីឡាករឆ្នើម ជាមិត្តរួមក្រុមដ៏ល្អ ទាំងសម្រាប់ក្លិប Liverpool និងក្រុមជម្រើសជាតិព័រទុយហ្កាល់ ហើយ Cristiano Ronaldo ប្រធានក្រុមព័រទុយហ្កាល់ ផ្ញើសាររំលែកទុកមិត្តរួមសញ្ជាតិដ៏សំខាន់និងផ្តល់កម្លាំងចិត្តដល់គ្រួសាររបស់ Jota។
Diogo Jota វ័យ ២៨ឆ្នាំ និងប្អូនប្រុស Andre Silva វ័យ ២៦ឆ្នាំ បានរងគ្រោះដល់ជីវិត ក្នុងឧបទ្ធវហេតុក្រឡាប់រថយន្ត ក្នុងក្រុង Zamora ប្រទេសអេស្ប៉ាញ នៅថ្ងៃទី៣ ខែកក្កដា។ ធ្វើដំណើររួមគ្នាក្នុងរថយន្តម៉ាក Lamborghini បងប្អូនទាំងពីរនាក់បានជួបហេតុការណ៍រេចង្កូតចេញពីផ្លូវ ព្រោះតែបញ្ហាបែកកង់ អំឡុងវ៉ាជែងរថយន្តមួយផ្សេងទៀត ហើយក៏ឆេះតែម្តង។ ដំណឹងការស្លាប់របស់ Jota ធ្វើអោយក្រុមគ្រួសារ មិត្តរួមក្រុម ទាំងក្លិប និងជម្រើសជាតិព័រទុយហ្កាល់ តក់ស្លុត។ Ronaldo បានបង្ហោះសាររំលែកទុក្ខក្រៀមក្រំ ស្របពេល Liverpool ទាំងមូលបង្ហាញការសោកស្តាយជាខ្លាំង។
កីឡាករប្រធានក្រុមវ័យ ៤០ឆ្នាំ បានបង្ហោះសាររំលែកទុក្ខដល់ក្រុមគ្រួសារ Diogo Jota ដូច្នេះថា “មិនគួរមានរឿងបែបនេះសោះ។ យើងទើបតែជួបគ្នានៅក្នុងក្រុមជម្រើសជាតិ ហើយគេក៏ទើបតែរៀបការរួច។ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តអោយរឹងមាំឡើង សម្រាប់ក្រុមគ្រួសាររបស់ Diogo Jota។ ខ្ញុំដឹងថាអ្នកនឹងតែងតែនៅក្បែពួកគេជានិច្ច សូមទៅអោយបានស្ងប់ Diogo Jota និង Andre Silva ។”
ការស្លាប់របស់ Diogo Jota និង Andre Silva ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ត កើតឡើងត្រឹមតែរយៈពេល ១ខែ ប៉ុណ្ណោះ បន្ទាប់ពី Diogo Jota ជាមួយនឹង Cristiano Ronaldo បានអបអរជ័យជំនះពានរង្វាន់ UEFA Nations League ក្រោយយកឈ្នះការប្រកួតទល់នឹងក្រុមអេស្ប៉ាញ វគ្គទាត់បាល់កាត់សេចក្តី ១១មែត្រ៕







