ក្លិប Chelsea កំពុងពិភាក្សាចរចានាំយកខ្សែបម្រើ Jamie Gittens របស់ក្លិប Borussia Dortmund ដោយចង់ផ្តល់កិច្ចសន្យាដល់រូបគេរយៈពេល៧ឆ្នាំ។
កីឡាករអង់គ្លេសរូបនេះ ត្រូវបានគេយល់ថា បើកចំហចំពោះការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Stamford Bridge ខណៈការចរចាលើលក្ខខណ្ឌផ្ទាល់ខ្លួនកំពុងមានភាពរលូន បើទោះបីជាតម្លៃមិនទាន់ត្រូវបានព្រមព្រៀងគ្នារវាងក្លិបទាំងពីរក៏ដោយ។
Chelsea បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយប្រាក់ ៣០ លានផោន ប៉ុន្តែ Dortmund មានបំណងចង់បានតម្លៃខ្លួនរបស់ Jamie Gittens លើសពី ៤០ លានផោន។
ទោះមានការពេញចិត្តលើកីឡាករវ័យ២០ឆ្នាំខ្លាំងក៏ពិតមែន តែ Chelsea មិនប្រញាប់ប្រញាល់ទៅលើកិច្ចព្រមព្រៀងណាមួយទេ ដោយពួកគេអាចនឹងសម្លឹងមើលគោលដៅផ្សេងទៀតនៅលើទីផ្សារដោះដូរកីឡាកររដូវក្តៅ ។
ក្លិបតោខៀវ អាចរង់ចាំរហូតដល់ការប្រកួត FIFA Club World Cup នាពេលខាងមុខ ដែលទាំង Chelsea និង Dortmund សុទ្ធតែលេងក្នុងពានរង្វាន់នេះដូចគ្នា ដើម្បីរង់ចាំមើលការវិវឌ្ឈនានា។
Jamie Gittens បានដុះដាលចេញពីថ្នាលយុវជនរបស់ Manchester City មុនពេលចូលរួមជាមួយ Dortmund ក្នុងឆ្នាំ ២០២០។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងនៅក្របខណ្ឌ Bundesliga បាន ៧៦ដង ស៊ុតបាន១២គ្រាប់មកទល់ពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ Jamie Gittens មិនសមនឹងប្រព័ន្ធរបស់គ្រូបង្វឹកលោក Niko Kovac ដែលបានចូលរួមជាមួយ Dortmund កាលពីខែកុម្ភៈនោះទេ។
ខណៈពេលដែល Chelsea កំពុងស្ថិតក្នុងការចរចាយក Gittens នោះ កិច្ចព្រមព្រៀងមួយទៀតសម្រាប់អ្នកចាំទី AC Milan កីឡាករ Mike Maignan ក៏កំពុងត្រូវបានពិភាក្សាផងដែរជាមួយនឹងតម្លៃ ២៥ លានផោនដែលគិតថា នឹងមានលទ្ធផលល្អប្រសើរសម្រាប់ដំណើរការនៃការផ្ទេរយករូបគេ៕



