Brentford ទប់កំពូលតារាង Arsenal បានសម្រេច ក្រោយតាមស្មើ 1-1

Brenford vs Arsenal

គ្រូបង្វឹក Keith Andrews បានសរសើរវប្បធម៌ និងភាពរួបរួមដែលបានកសាងនៅក្លិប Brentford អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីក្រុមរបស់លោកបន្តទម្រង់លេងដ៏ល្អ ដោយតាមស្មើ 1-1 ជាមួយក្រុមកំពូលតារាង Arsenal។

ការប្រកួតនៅកីឡដ្ឋាន Gtech Community Stadium ក្រុមភ្ញៀវ Arsenal ជាអ្នករកគ្រាប់បាល់នាំមុខមុន តាមរយៈការតែតបញ្ចូលទីរបស់ Noni Madueke។ ទោះជាយ៉ាងណា Brentford មិនចុះចាញ់ងាយៗឡើយ ខណៈ Keane Lewis-Potter រកបានគ្រាប់តាមស្មើអោយ “ Brentford ” បានជោគជ័យ។

នៅវគ្គបន្ទាប់ Igor Thiago ស្ទើរតែរកបានគ្រាប់ជ័យជម្នះអោយ Brentford ផងដែរ។ បច្ចុប្បន្នក្រុមស្ថិតនៅលេខ៧ ក្នុងតារាង Premier League មាន ៣ ពិន្ទុលើស Everton ដែលនៅលេខ៨ ហើយខ្វះតែ ២ ពិន្ទុប៉ុណ្ណោះពីក្រុមការពារតំណែងជើងឯក Liverpool ដែលកំពុងឈរលេខ៦។

បន្ទាប់ពីការចាកចេញរបស់ Thomas Frank និងការលក់កីឡាករសំខាន់ៗដូចជា Yoane Wissa និង Bryan Mbeumo មនុស្សជាច្រើនធ្លាប់ព្យាករណ៍ថា Brentford អាចជួបការលំបាកក្រោមការដឹកនាំរបស់ Andrews។ ប៉ុន្តែតាមការវាយតម្លៃរបស់ Opta supercomputer ឥឡូវនេះ Brentford មានឱកាសដល់ 63.9% ក្នុងការបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ Top 7។

Andrews បាននិយាយថា៖

“យើងមិនអាចយកបានជ័យជម្នះទេ ប៉ុន្តែខ្ញុំគិតថាក្រុមបានបង្ហាញទម្រង់លេងល្អឥតខ្ចោះ ជាពិសេសពេលប្រឈមមុខនឹងក្រុមកំពូល។ ៣០ នាទីចុងក្រោយ យើងមើលទៅជាក្រុមដែលមានឱកាសឈ្នះជាងគេ។

ចិត្តសាស្ត្រ ការខិតខំប្រឹងប្រែង និងគោលបំណងលេងវិជ្ជមាន គឺជារឿងសំខាន់ណាស់។ សមត្ថភាពអាចនាំអ្នកទៅដល់កម្រិតមួយ ប៉ុន្តែក្នុងនាមជាក្រុម អ្នកត្រូវការមនុស្សល្អ និងភាពរួបរួម។

ខ្ញុំផ្តល់សេរីភាពអោយកីឡាករបង្ហាញខ្លួន និងសហការគ្នាតាមចលនា។ យើងចង់អោយគូប្រកួតពិបាកទាយទុកជាមុនពីរបៀបលេងរបស់យើង។ អ្វីដែលក្លិបនេះបានកសាងអស់ជាច្រើនឆ្នាំ គឺវប្បធម៌ និងភាពរួបរួម ហើយខ្ញុំផ្តល់តម្លៃខ្លាំងចំពោះវា”។

ស្ថិតិចុងក្រោយបង្ហាញថា Brentford ចាញ់តែ ២ ប្រកួតប៉ុណ្ណោះ ក្នុង ១១ ប្រកួតចុងក្រោយនៅ Premier League (ឈ្នះ ៦ ស្មើ ៣)។ ក្នុងរយៈពេលដូចគ្នា មានតែ Arsenal (24 ពិន្ទុ) និង Manchester City (22 ពិន្ទុ) ប៉ុណ្ណោះ ដែលប្រមូលបានពិន្ទុលើស Brentford (21 ពិន្ទុ)។

Andrews ក៏បានបន្ថែមថា៖

“ខ្ញុំបានមើលការលេងរបស់ Arsenal ជាញឹកញាប់ ហើយខ្ញុំជាអ្នកគាំទ្ររបៀបលេងរបស់ពួកគេ។ មិនសូវមានក្រុមណាអាចប្រកួតប្រជែងជាមួយពួកគេបានដូចយើងឡើយ។ កីឡាករយើងកំពុងស្ថិតក្នុងស្ថានភាពល្អណាស់”។

Last Post