Barcelona បន្តកិច្ចសន្យាថ្មីដល់គ្រូបង្វឹកលោក Hansi Flick រហូតដល់ឆ្នាំ ២០២៧

Hansi Flick

Barcelona បានបន្តកិច្ចសន្យារបស់គ្រូបង្វឹកលោក Hansi Flick រហូតដល់ឆ្នាំ ២០២៧ ខណៈកិច្ចសន្យាថ្មីនេះជាការផ្តល់រង្វាន់ដល់បុរសសញ្ជាតិអាល្លឺម៉ង់ ដែលបានដឹកនាំក្រុមឈ្នះពានរង្វាន់ក្នុងស្រុកចំនួន៣ក្នុងរដូវកាលនេះ។

លោក Hansi Flick ជាគ្រូបង្វឹកធ្លាប់ឈ្នះពានរង្វាន់ធំៗជាមួយ Bayern Munich បានចុះហត្ថលេខាជាមួយ Barcelona កាលពីឆ្នាំមុនលើកិច្ចសន្យារយៈពេល២ឆ្នាំ ហើយវត្តមានរបស់លោកជាមួយក្លិបនៅទឹកដីអេស្ប៉ាញគឺដើម្បីស្តារមុខមាត់វិញ ក្រោយពីលោកត្រូវបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ កាលពីខែកញ្ញា ឆ្នាំ២០២៣។

Barcelona បានបង្កើនសមត្ថភាពប្រកួតប្រជែងពានរង្វាន់ក្នុងស្រុករបស់ពួកគេបានយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់បុរសវ័យ៦០ឆ្នាំ ដោយឈរលើកំពូលតារាងភាគច្រើននៃការប្រកួតរដូវកាល ២០២៤-២៥ មុនពេលដែលឈ្នះពាន La Liga ជាលើកទី ២៨ ទាំងនៅសល់២ប្រកួតទៀតត្រូវលេង។ ក្រុមអ្នកមានបុណ្យក៏បានឈ្នះពាន Spanish Super Cup និង Copa del Rey ដោយបានផ្តួលគូប្រជែង Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រទាំង២ដង។ Barcelona បានប្រកួតជាមួយ Real Madrid ក្នុងជំនួប El Clásico ដល់ទៅ ៤ ដងក្នុងរដូវកាលនេះ ហើយពួកគេឈ្នះទាំងអស់ និងបានស៊ុតបញ្ចូលទីដល់ទៅ ១៦ គ្រាប់បញ្ចូលសំណាញ់ទីរបស់ Real Madrid។

ជុំវិញការផ្តល់កិច្ចសន្យាថ្មីដល់លោក Hansi Flick នេះដែរ ខាងក្លិប Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក Hansi Flick បានធ្វើអោយអ្នកគាំទ្រ Barcelona មានការសប្បាយចិត្តនៅក្នុងរដូវកាលដំបូងរបស់លោក សម្រាប់ហេតុផលជាច្រើន សម្រាប់ជំនឿដែលលោកបានផ្តល់មក និងសម្រាប់ការត្រលប់មកវិញដ៏អស្ចារ្យនិងការឈ្នះពានរង្វាន់។ភាពរំភើបដែលលោក Hansi Flick បាននាំយកមក ក្នុងឆ្នាំដំបូងរបស់លោក បានធ្វើអោយ FC Barcelona ក្លាយជាគូប្រជែងដ៏គួរអោយភ័យខ្លាចម្តងទៀតនៅអឺរ៉ុប។”

លោក Flick បានឈ្នះ ៤៣ ប្រកួតក្នុងចំណោម ៥៤ ប្រកួតដែលលោកបានដឹកនាំ ដោយមានអាត្រាឈ្នះ ៧៣ភាគរយ ល្អបំផុតក្នុងរដូវកាលដំបូងចាប់តាំងពី លោក Luis Enrique ដែលមានអាត្រាឈ្នះ ៨៣ភាគរយ។ លោក Flick ក៏បានដឹកនាំ Barcelona ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League តែត្រូវបានទម្លាក់ដោយ Inter Milan វិញ៕

Last Post