Al Hilal បដិសេធសំណើ ដែលចង់អោយនាំយកខ្សែប្រយុទ្ធ Cristiano Ronaldo ពី Al Nassr

Cristiano Ronaldo

ក្លិប Al Hilal បានបដិសេធសំណើរបស់មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត PIF ដែលចង់អោយចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លិប Al Nassr បន្ទាប់ពីលេចឮព័ត៌មានថា រូបគេ សម្លឹងរកក្លិបថ្មី។

Cristiano Ronaldo ប៉ុន្មានថ្ងៃចុងក្រោយនេះ មិនបានចូលហ្វឹកហាត់ជាមួយ Al Nassr ឡើយ បន្ទាប់ពីមានព័ត៌មានថាគេកំពុងតែមិនរីករាយចំពោះក្រុមគ្រូបង្វឹកក្នុងក្រុម ហើយទាមទារការ ផ្លាស់ប្តូរកីឡាករមួយចំនួនចេញពីក្រុម។

មូលនិធិ PIF ជាមូលនិធិមានទ្រព្យសម្បត្តិសរុបជាង ៩៣០ពាន់លានដុល្លារ និងជាម្ចាស់គ្រប់គ្រងក្លិបកំពូលៗ ចំនួន៤ ប្រចាំលីគអារ៉ាប៊ីសាអូឌីត រួមមាន Al Hilal, Al Nassr, Al Ittihad និង Al Ahli បានផ្តល់ឱកាសដល់ក្លិប Al Hilal អោយចុះកិច្ចសន្យាយក Ronaldo ទៅចូលរួម។

ការស្នើរបស់មូលនិធិ PIF ព្រោះតែពួកគេនៅចង់ឃើញកីឡាករព័រទុយហ្កាល់ ចូលលេងជាមួយ Al Hilal នៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០២៥ ។ យ៉ាងណាមិញ ក្រុមប្រឹក្សាប្រតិបត្តិក្លិប Al Hilal បដិសេធសំណើនោះ ហើយនាយកប្រតិបត្តិក្លិប មានបំណងរកមើលខ្សែប្រយុទ្ធវ័យក្មេងដទៃផ្សេងទៀត។

កន្លងមក មានរបាយការណ៍ថាក្លិ Al Hilal ដាក់លក្ខខណ្ឌតឹងរឹង បើចុះកិច្ចសន្យាយក Ronaldo ទៅចូលរួមដោយ រូបគេនឹងមិនអាចកាន់កាប់តំណែងប្រធានក្រុមដោយស្វ័យប្រវត្តិ ហើយត្រូវតែទទួលស្គាល់តួនាទី ជាជាងការទាមទារអោយជាប់ជម្រើស ១១នាក់ដំបូងរហូត ហើយរឿងទាំងនេះ កីឡាករវ័យ ៤០ឆ្នាំ មិនអាចទទួលយកបាន៕

Last Post