ប្រធានក្រុម Real Madrid ខ្សែបម្រើ Luka Modric បានបង្ហើបថា រូបគេនឹងចាកចេញពីក្រុមអធិរាជស បន្ទាប់ពីបញ្ចប់យុទ្ធនាការ FIFA Club World Cup 2025 នៅរដូវក្តៅនេះ។
កីឡាករសញ្ជាតិក្រូអាត ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or 2018 នឹងលេងការប្រកួតចុងក្រោយរបស់ខ្លួននៅឯកីឡដ្ឋាន Bernabeu របស់ Real Madrid នៅពេលដែលពួកគេស្វាគមន៍ក្រុម Real Sociedad នៅចុងសប្តាហ៍នេះក្នុងការប្រកួតបញ្ចប់រដូវកាល La Liga 2024-25។
ជុំវិញរឿងនេះ កីឡាករវ័យ៣៩ឆ្នាំ បាននិយាយថា “ពេលវេលាបានមកដល់ហើយ។ ពេលដែលខ្ញុំមិនដែលចង់មក ប៉ុន្តែអ្វីគ្រប់យ៉ាងមានការចាប់ផ្តើម និង បញ្ចប់។ ខ្ញុំបានមកដល់ទីនេះជាមួយនឹងក្តីសង្ឃឹមនៃការពាក់អាវរបស់ក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក និងមហិច្ឆតាដើម្បីធ្វើរឿងដ៏អស្ចារ្យ។ ការលេងអោយ Real Madrid បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់ និងជាមនុស្សម្នាក់។ ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃយុគសម័យដ៏ជោគជ័យក្លិបល្អបំផុតក្នុងប្រវត្តិសាស្ត្រ។”
Luka Modric បានឈ្នះពានរង្វាន់ចំនួន ២៨ ដែលរួមមានទាំងពានរង្វាន់ UEFA Champions League ចំនួន ៦ និងពានរង្វាន់នានាក្នុងប្រទេសអេស្ប៉ាញ ចាប់តាំងពីចូលរួមជាមួយ Real Madrid ដោយផ្លាស់មកពី Tottenham Hotspurs ក្នុងឆ្នាំ ២០១២។ រូបគេបាន ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនបាល់សម្រេចទី ៦ ដងក្នុងការបង្ហាញខ្លួន ៣៤លើកក្នុងក្របខណ្ឌ La Liga នៅរដូវកាលនេះ ប៉ុន្តែ Real Madrid បានរបូតពានរង្វាន់ទៅអោយ Barcelona។ Luka Modric ក៏បានជួយ Real Madrid ឡើងបានត្រឹមវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ដែលត្រូវបានទម្លាក់ដោយ Arsenal ក្នុងលទ្ធផលសរុបទាំង២ជើង ៥-១។
Luka Modric ក៏នឹងចាកចេញពី Real Madrid ជាកីឡាករជោគជ័យជាងគេបំផុតបន្ទាប់ពីបង្ហាញខ្លួនបាន ៥៩០ ដង ស៊ុតបាន ៤៣ គ្រាប់ និង ចែកបាល់ ៩៥ដង។ បន្ទាប់ពីដឹកនាំ Real Madrid ឈ្នះពាន Champions League ឆ្នាំ ២០១៨ លើ Liverpool ហើយបន្ទាប់មកជួយក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំដដែលនោះ Luka Modric បានក្លាយជាកីឡាករដំបូងគេចាប់តាំងពីឆ្នាំ ២០០៧ ក្រៅពី Cristiano Ronaldo និង Lionel Messi ដែលបានឈ្នះ Ballon d’Or ។
Luka Modric ជាកីឡាករចាស់ជាងគេដែលលេងអោយ Real Madrid នៅ La Liga និងជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតរបស់ក្រុមផងដែរ ដោយបានស៊ុតបញ្ចូលទីក្នុងជ័យជំនះ ២-១ លើក្រុម Valencia ក្នុងវ័យ ៣៩ ឆ្នាំ និង ១១៦ ថ្ងៃ ដោយបានបំបែកកំណត់ត្រារបស់កីឡាករ Ferenc Puskas ។
ដោយឡែក Real Madrid នឹងបើកយុទ្ធនាការ FIFA Club World Cup របស់ពួកគេទល់នឹងក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ១៨ ខែមិថុនា ហើយនឹងជួបជាមួយ Pachuca របស់ម៉ិកស៊ិក និង RB Salzburg របស់អូទ្រីសដែលស្ថិតក្នុងពូល H ជាមួយគ្នា៕







