ក្រុម Inter Milan បានយកឈ្នះ ក្រុម Barcelona នៅក្នុងការប្រកួតជើងទី២ វគ្គ៤ក្រុមចុងក្រោយពាន UEFA Champions League ដែលធ្វើឡើងនាកីឡដ្ឋាន San Siro កាលពីយប់មិញ។
ការប្រកួតនោះ Inter Milan ដែលជាម្ចាស់ផ្ទះបាននាំមុខទៅលើក្រុមភ្ញៀវ Barcelona ដល់ទៅ២គ្រាប់មុន នៅក្នុងវគ្គទី១ ដោយ Lautaro Martinez ស៊ុតនៅនាទី២១ និង ការទាត់បាល់ពិន័យ១១ម៉ែត្រ របស់ Hakan Calhanoglu នៅក្នុងនាទី៤៥+១។
ចូលមកដល់វគ្គទី២ Barcelona បានបង្កើនការវាយសម្រុក នឹងរកបានគ្រាប់បាល់ផ្ទួនៗគ្នា ៣គ្រាប់មកវិញ ដោយ Eric Garcia ស៊ុតនៅនាទី៥៤ Dani Olmo តែតបញ្ចូលទីនៅនាទី៦០ និង Raphinha ស៊ុតនៅនាទី៨៧។ យ៉ាងណា Inter Milan រកបាន១គ្រាប់បន្ថែមទៀតដោយ Francesco Acerbi ស៊ុតនៅនាទី៩០+៣ ដែលធ្វើអោយការប្រកួត៩០នាទី ក្រុមទាំង២ស្មើគ្នា ៣-៣។
កាលពីជើងទី១ ក្រុមទាំង២ស្មើគ្នា ៣-៣ បូករួមលទ្ធផលស្មើគ្នា ៩០នាទី ក្នុងជើងទី២នេះទៀត ធ្វើអោយការប្រកួត ឈានដល់ការបន្ថែមម៉ោង ១៥នាទី ២ដង ហើយក្នុងនោះ Davide Frattesi របស់ Inter Milan បានស៊ុត១គ្រាប់នៅនាទី៩៩ ដែលជាគ្រាប់បាល់ចុងក្រោយ។
លទ្ធផលសរុបទាំង២ជើង គឺ Inter Milan បានឈ្នះ Barcelona ៧-៦ ដែលមានន័យថា Inter Milan គឺជាក្រុមដែលបានកក់សំបុត្រឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2024-25។ វាជាការឡើងមកវគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុបសាជាថ្មីរបស់ Inter Milan ដោយការឡើងមកលើកចុងក្រោយកាលពីឆ្នាំ ២០២៣ បានចាញ់ Man City ១-០។ ឈ្នះការប្រកួតនេះដែរ បានធ្វើអោយគ្រូបង្វឹក Inter Milan លោក Simone Inzaghi ពេញចិត្តចំពោះការខិតខំប្រឹងប្រែង និង សរសើរ កូនក្រុម មិនដាច់ពីមាត់តែម្តង។
បុរសវ័យ ៤៩ឆ្នាំ បានអោយដឹងក្រោយចប់ការប្រកួតថា “ នៅគ្រប់ការប្រកួត គ្រប់រដូវកាល កីឡាកររបស់ខ្ញុំបានផ្តល់អោយខ្ញុំនូវអ្វីគ្រប់យ៉ាងដែលពួកគេមាន ហើយពេលនេះក៏ដូចគ្នាគឺពួកគេអស្ចារ្យណាស់។ នេះជាការប្រកួតដ៏លំបាកមួយទល់នឹងគូប្រកួតលំដាប់ពិភពលោក តែយើងបានលេងល្អណាស់ បើមិនដូច្នោះទេ យើងនឹងមិនឡើងដល់វគ្គផ្ដាច់ព្រ័ត្រទេ។ មិនមានមនុស្សជាច្រើនបានព្យាករណ៍អំពីរឿងនេះទេ។ និយាយអោយខ្លី ខ្ញុំពិតជាមានមោទនភាពចំពោះកីឡាករខ្លាំងណាស់។”
ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក្រុម Inter Milan នឹងរង់ចាំជួបអ្នកឈ្នះការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាង Arsenal និង PSG ៕







