ទោះបានឈ្នះ Dortmund តែគ្រូ Real Madrid មិនពេញចិត្តការលេងរបស់កូនក្រុម

Real Madrid

គ្រូបង្វឹក លោក Xabi Alonso មិនសូវមានភាពរីករាយនោះឡើយ បើទោះជាក្រុម Real Madrid បានយកឈ្នះក្រុម Borussia Dortmund នៅក្នុង ពានរង្វាន់ FIFA Club World Cup 2025 ក្តី ដោយលោកយល់ថា កូនក្រុមហាក់លេងមិនទាន់ល្អគ្រប់គ្រាន់។

ជាការពិត ក្រុមអេស្ប៉ាញ Real Madrid បានយកឈ្នះ ក្រុមអាល្លឺម៉ង់ Borussia Dortmund ដោយលទ្ធផល ៣-២ នៅវគ្គ៨ក្រុមចុងក្រោយ FIFA Club World Cup 2025 ដែលធ្វើឡើងនាកីឡដ្ឋាន MetLife Stadium។

ការប្រកួតនៅក្នុងវគ្គទី១ ក្រុម Real Madrid បាននាំមុខមុន២គ្រាប់ដោយ Gonzalo García នៅនាទី ១០ និងនាទី២០។ យ៉ាងណា ការប្រកួតនៅក្នុងវគ្គទី២ ក្រុម Real Madrid បានរបូតអោយ ក្រុម Borussia Dortmund តាមបាន១គ្រាប់ ពីការស៊ុតរបស់ Maximilian Beier នៅនាទី៩០+២ តែ Kylian Mbappe បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួន នៅ FIFA Club World Cup 2025 នាទី៩០+៤ បង្កើនការនាំមុខអោយ Real Madrid ។ នាទី៩០+៦ Dean Huijsen ត្រូវបានពិន័យកាតក្រហម ធ្វើអោយ Real Madrid នៅសល់គ្នាតែ១០នាក់ ហើយនាទី៩៨+៨ កីឡាករ Serhou Guirassy បានទាត់បាល់ពិន័យ១១ម៉ែត្រ តាមបានគ្រាប់ទី២ អោយ Borussia Dortmund ប៉ុន្តែមិនអាចផ្លាស់ប្តូរស្ថានការណ៍បានទេ។

បានឈ្នះការប្រកួតតែ លោក Xabi Alonso នៅតែមិនពេញចិត្ត ដោយមើលឃើញពីការលេងរបស់កូនក្រុមមិនដើរតាមយុទ្ធសាស្ត្ររបស់ខ្លួន ហើយការលេងហាក់មានភាពយឺតយ៉ាវ។

ជុំវិញរឿងនេះ គ្រូបង្វឹកវ័យ ៤៣ឆ្នាំ បានអោយដឹងដូច្នេះ “កីឡាកររបស់ខ្ញុំធ្វើបានល្អ ប៉ុន្តែមិនល្អគ្រប់គ្រាន់ដូចអ្វីដែលខ្ញុំចង់បាន។ យើងត្រូវការការលេងដែលមានភាពរីកចម្រើនជាងនេះ ហើយត្រូវមានភាពមុតស្រួចកាន់តែខ្លាំងសម្រាប់ការប្រកួតបន្តរបស់យើង។”

លោក Xabi Alonso ក៏បានព្រមានកូនក្រុមអោយមានការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះគូប្រកួតរបស់ពួកគេ ដែលជាក្រុម PSG ហាក់មានភាព លេចធ្លោ ក្នុងពានរង្វាន់ FIFA Club World Cup 2025 នេះ។

សូមបញ្ជាក់ថា Real Madrid នឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបជាមួយ PSG ដែលបានទម្លាក់ ក្រុមជើងខ្លាំងអាល្លឺម៉ង់ Bayern Munich ដោយលទ្ធផល ២-០។ ការប្រកួតនេះក៏ជាការប្រកួតដែលអ្នកគាំទ្រទន្ទឹងរង់ចាំមើល ដោយវាជាការប្រកួតដែល ខ្សែប្រយុទ្ធ Kylian Mbappe នឹងវិលទៅប្រកួតជាមួយក្រុមចាស់ PSG ជាលើកដំបូង ចាប់តាំងពីការចាកចេញកាលពីពាក់កណ្តាលឆ្នាំ២០២៤មក៕

Last Post