Tottenham Hotspur បានបញ្ចប់ការចុះហត្ថលេខាជាអចិន្ត្រៃយ៍ខ្សែការពារ Kevin Danso ពីក្លិបបារាំង Lens។
ជាការពិត Spurs បានចុះហត្ថលេខាលើកីឡាករសញ្ជាតិអូទ្រីស ក្នុងលក្ខខណ្ឌខ្ចីជើងពី Lens កាលពីខែកុម្ភៈ ហើយការបំពេញការចុះហត្ថលេខាជាអចិន្ត្រៃយ៍មានតម្លៃ ២១ លានផោនតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងខ្ចីជើង។
កីឡាករវ័យ ២៦ ឆ្នាំ បានបង្ហាញខ្លួន ១០ ប្រកួតនៅក្របខណ្ឌ Premier League កាលពីរដូវកាលមុន ហើយបានចូលជាកីឡាករបម្រុងពេល Tottenham Hotspur យកឈ្នះ Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ។
ជាមួយនឹងការទិញផ្តាច់យកកីឡាករថ្មី កីឡាករមួយចំនួនរបស់ Tottenham Hotspur ក៏ត្រៀមនឹងចាកចេញវិញដែរ ដូចជា Sergio Reguilon, Fraser Forster និង Alfie Whiteman នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅខែក្រោយ។
រីឯ ខ្សែបម្រើ Pierre-Emile Hojbjerg នឹងធ្វើការផ្លាស់ទៅកាន់ Marseille ជាអចិន្ត្រៃយ៍ក្រោយផុតកុងត្រាខ្ចីជើងរបស់គេនៅទឹកដីបារាំង ខណៈខ្សែប្រយុទ្ធ Timo Werner នឹងវិលត្រលប់ទៅកាន់ក្លិបអាណាព្យាបាល RB Leipzig វិញបន្ទាប់ពីបញ្ចប់ការខ្ចីជើងជាមួយ Tottenham Hotspur។
ដោយឡែក អនាគតរបស់គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou នៅតែមិនច្បាស់លាស់បន្ទាប់ពីយុទ្ធនាការ Premier League ដ៏អាក្រក់បំផុតរបស់ក្លិប បើទោះបីជាពួកគេទទួលបានជោគជ័យនៅពានរង្វាន់អឺរ៉ុបក៏ដោយ៕







