អ្នកគាំទ្រ PSV Eindhoven ធ្វើការអបអរក្រោយក្លិបឈ្នះជើងឯកលីគកំពូលហូឡង់លើកទី២៦ ក្នុងប្រវត្តិសាស្ត្រ

PSV Eindhoven

អ្នកគាំទ្រ PSV Eindhoven ជាច្រើនពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅតាមផ្លូវក្នុងទីក្រុង Eindhoven ដើម្បីអបអរសាទរដែលក្លិបរបស់ពួកគេបានក្លាយជាម្ចាស់ជើងឯកការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលហូឡង់ Eredivisie នៅរដូវកាល ២០២៤-២៥។

ការឈ្នះពានរង្វាន់ហូឡង់ Eredivisie លើកនេះ ក៏ជាការឈ្នះជាលើកទី ២៦ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប PSV Eindhoven ហើយពួកគេជាក្លិបទី២ដែលបានឈ្នះច្រើនជាងគេ ខណៈក្លិប Ajax ជាក្លិបដែលឈ្នះពាន Eredivisie ច្រើនជាងគេបង្អស់ គឺឈ្នះដល់ទៅ៣៦ដង។

PSV Eindhoven បានផ្តួល Sparta Rotterdam ដោយលទ្ធផល ៣-១ ដើម្បីឈ្នះជើងឯកលីគកំពូលហូឡង់កាលពីពេលថ្មីៗនេះ ដោយបញ្ចប់ការប្រកួត ៣៤ដង ជាមួយពិន្ទុ ៧៩ នៅក្នុងដៃ ពីលើ Ajax ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។

ជាមួយនឹងជោគជ័យនេះ បានធ្វើអោយអ្នកគាំទ្រ PSV Eindhoven បាននាំគ្នាចេញមកបង្ហាញភាពរីករាយ តាមដងផ្លូវក្នុងទីក្រុង Eindhoven យ៉ាងកកកុញ ដោយមានការរាំច្រៀង ការគ្រវីទង់របស់ក្លិប រួមទាំងការអុជកាំជ្រួចអបអរជាដើម។

ជាមួយគ្នានោះដែរ កីឡាកររបស់ PSV Eindhoven ក៏បានចូលរួមអបអរជាមួយអ្នកគាំទ្ររបស់ពួកគេ ដោយការជិះរថយន្តក្រុងស្រែករាំច្រៀងផងដែរ។

ចាប់តាំងពីដើមរដូវកាលមក Ajax ជាក្លិបដែលមានការប្រកួតយ៉ាងល្អ ហើយត្រូវបានជឿថា ពួកគេនឹងដណ្តើមបានជើងឯកក្របខណ្ឌ Eredivisie លើកទី ៣៧ បន្ថែមទៀត។ យ៉ាងណាមិញ គ្រប់យ៉ាងបានផ្លាស់ប្តូរ ចាប់តាំងពីខែមេសា ដោយ Ajax ឈ្នះតែមួយប្រកួតគត់ពីការប្រកួត ៥លើក ចុងក្រោយ រីឯ PSV Eindhoven វិញមានលទ្ធផលល្អឡើងៗ ដោយបានឈ្នះការប្រកួតចំនួន ៧លើកចុងក្រោយរបស់ពួកគេហើយក៏ដណ្តើមបានជើងឯកក្របខណ្ឌ Eredivisie រដូវកាលនេះតែម្តង៕

Last Post