ព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលបង្កើនចំនួនក្រុមដល់ ៣២ក្រុម លើកដំបូង កំពុងតែបង្ហាញយ៉ាងច្បាស់ថាជាទីការប្រកួតមួយ សម្រាប់គ្រូបង្វឹក ទើបចូលដឹកនាំថ្មីថ្មោង បញ្ចេញសមត្ថភាព និងបច្ចេកទេសបញ្ជាកូនក្រុមរៀងៗខ្លួន ក្នុងនោះមានគ្រូបង្វឹកទើបតែងតាំងថ្មីចំនួន ២រូប បានដឹកនាំក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រូបង្វឹកទាំង២រូប កំពុងតែដឹកនាំក្រុមដោយបានបង្ហាញពីភាពខ្លាំងក្នុងការងារនិងអំណាចក្នុងការគ្រប់គ្រងក្រុមរបស់ពួកគេ បានយ៉ាងលឿនរហ័ស ទោះការចូលដឹកនាំត្រឹមតែពេលខ្លីក៏ដោយ នោះគឺលោក Renato Gaúcho គ្រូបង្វឹករបស់ Fluminense និង លោក Xabi Alonso គ្រូបង្វឹករបស់ Real Madrid។
ក្រុម Fluminense ជាក្រុមមកពីប្រេស៊ីល ដែលបានឈានជើងចូលវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ពីផ្តួលក្រុម Al-Hilal ២-០។ Fluminense ទៀតសោត ក៏ជាក្រុមស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីដូចគ្នា នោះគឺលោក Renato Gaucho ជាអតីតកីឡាករខ្សែប្រយុទ្ធប្រចាំក្រុម និងជាវីរបុសក្លិប ទើបបានចូលកាន់ការងាររយៈពេល ៣ខែ ប៉ុណ្ណោះ។
សម្រាប់ Real Madrid វិញ ក៏ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីដូចគ្នា នោះគឺលោក Xabi Alonso ដែលបានចូលដឹកនាំក្រុមត្រឹមតែរយៈពេល ២សប្តាហ៍ មុនការប្រកួតមកដល់។ លោក Alonso បានចូលជំនួសតំណែងលោក Carlo Ancelotti ដែលបានចាកចេញពីក្រុម ក្រោយពេលដឹកនាំក្រុមមិនឈ្នះពានអ្វីសោះ ព្រមទាំងចាញ់ក្រុមគូប្រជែង Barcelona រាល់ការប្រកួតនៅរដូវកាលមុន។
ចូលមកដឹកនាំក្រុម ជាមួយនឹងតិចនិក ដ៏ពិសេសដែលធ្លាប់ប្រើនៅ Bayer Leverkusen ទទួលបានជោគជ័យ រហូតឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់លើកដំបូងក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែទៅលើប្រព័ន្ធលេងក្រុម Real Madrid បុរសជនជាតិអេស្ប៉ាញ មិនផ្លាស់ប្តូរឡើយលើ ក្រុមដែលមានស្រាប់ ដោយគ្រាន់តែបញ្ចូលបច្ចេកទេសបន្ថែមប៉ុណ្ណោះ ទៅចំណុចខ្វះខាត។
ទោះទើបចូលដឹកនាំត្រឹមពេលខ្លី ប៉ុន្តែ លោក Alonso បានបង្ហាញនូវកម្រិតសមត្ថភាពរបស់លោក បានលឿនរហ័ស ហើយក្រុមតែងតែប្រជែងរកបានជ័យជំនះជាបន្តបន្ទាប់។ Real Madrid នឹងត្រូវបន្តទៅជួបក្រុម Paris Saint-Germain នៅការប្រកួតវគ្គ ៤ក្រុមចុងក្រោយ FIFA Club World Cup 2025 ៕







