គ្រូបង្វឹកក្រមបាល់ទាត់ជម្រើសជាតិអ៊ីតាលី លោក Luciano Spalletti ត្រូវបានបណ្តេញចេញពីតំណែងហើយ បន្ទាប់ពីការចាញ់យ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងក្រុមជម្រើសជាតិន័រវេស ។
លោក Spalletti បានបំពេញតួនាទីតិចជាង២ឆ្នាំ ក្រោយមកជំនួសតំណែងលោក Roberto Mancini នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ហើយ តំណែងរបស់លោក មានភាពមិននឹងនរតាំងពី ការបរាជ័យរបស់អ៊ីតាលី នៅត្រឹមវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Euro 2024 មកម្ល៉េះ។ អ៊ីតាលីបានឡើងទៅ EURO ក្នុងនាមជាក្រុមការពារតំណែងជើងឯក ប៉ុន្តែបន្ទាប់ពីឈ្នះការប្រកួតបើកឆាកទល់នឹងអាល់បានី ពួកគេបានចាញ់អេស្ប៉ាញ ហើយបានតាមស្មើជាមួយក្រូអាត ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ និងបានចាញ់ ក្រុមស្វីស ២-០ បញ្ចប់យុទ្ធនាការរបស់ពួកគេត្រឹមនេះ។
នៅខណៈដែលកៅអីរបស់លោក Luciano Spalletti ហាក់ថមថយកម្តៅបន្តិច ក្រោយការចាប់ផ្តើមបានល្អនៅពានរង្វាន់ UEFA Nations League នោះ សម្ពាធរបស់លោកបានក៏បានកើនឡើងជាថ្មីក្រោយពីក្រុមបានឡើងត្រឹមវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់នេះ ពេលពួកគេប្រកួតចាញ់ អាល្លឺម៉ង់ ដោយលទ្ធផលសរុបទាំង២ជើង ៥-៤។ ស្ថានការណ៍កាន់តែអាក្រក់ ពេលក្រុមអ៊ីតាលីបានចាញ់ ក្រុមជម្រើសជាតិន័រវេស ៣-០ ក្នុងការប្រកួតជម្រុះ FIFA World Cup 2026 ពូល I តំបន់អឺរ៉ុប ដែលធ្វើអោយ សហព័ន្ធបាល់ទាត់អ៊ីតាលី សម្រេចដកតំណែងរបស់លោកតែម្តង។ ទោះត្រូវរបូតតំណែង តែលោក Luciano Spalletti នឹងមានភារកិច្ចចុងក្រោយ ដឹកនាំអ៊ីតាលី ប៉ះម៉ុលដូវ៉ាវគ្គជម្រុះ FIFA World Cup 2026 មួយទៀត។
លោក Spalletti វ័យ ៦៦ ឆ្នាំ ដែលពីមុនធ្លាប់គ្រប់គ្រងក្លិប AS Roma, Zenit St Petersburg និង Inter Milan បានចូលបម្រើការងារនៅក្រុមជម្រើសជាតិអ៊ីតាលីក្រោយដឹកនាំ Napoli ឈ្នះ Serie A នៅឆ្នាំ២០២៣។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានលើកឡើងថា លោក Stefano Pioli ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr និងជាអ្នកឈ្នះពាន Serie A ជាមួយ AC Milan គឺជាបេក្ខភាពឈានមុខគេក្នុងការមកជំនួស លោក Spalletti ខណៈលោក Claudio Ranieri ក៏ត្រូវបានផ្សារភ្ជាប់ផងដែរ។
ថ្មីៗនេះលោក Ranieri បានចូលនិវត្តន៍ជាលើកទី២ បន្ទាប់ពីការដឹកនាំនៅ Roma កាលពីរដូវកាលមុន ប៉ុន្តែបុរសវ័យ៧៣ឆ្នាំអាច ត្រលប់មកវិញម្តងទៀតប្រសិនបើផ្តល់ការងារក្នុងក្តីស្រមៃរបស់លោកជាមួយក្រុមជម្រើសជាតិអ៊ីតាលី៕







