អ្នកចាំទី Caoimhin Kelleher របស់ Liverpool គ្រោងនឹងផ្លាស់ទៅ Brentford បន្ទាប់ពីក្លិបទាំង២ បានយល់ព្រមលើតម្លៃផ្ទេរ ១៨លានផោន បូករួមទាំងថ្លៃចំណាយផ្សេងៗ។
កីឡាករអន្តរជាតិសាធារណៈរដ្ឋអៀរឡង់ នៅសល់កុងត្រាមួយឆ្នាំទៀតនៅទឹកដី Anfield ប៉ុន្តែអ្នកចាំទី Giorgi Mamardashvili នឹងចាកចេញពី Valencia មកចូលរួមជាមួយ Liverpool ម្ចាស់ជើងឯក Premier League ២០២៤-២៥ ក្នុងខែកក្កដាខាងមុខនេះហើយ ដើម្បីប្រជែងយកកៅអីជម្រើសដំបូងជាមួយនឹង Alisson Becker ។
កីឡាករវ័យ ២៦ឆ្នាំ បានលេងត្រឹម ២៥ ប្រកួត ក្នុងក្របខណ្ឌ Premier League សម្រាប់ Liverpool ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់គេកាលពី ៥ ឆ្នាំមុន។ រូបគេក៏បានបង្ហាញខ្លួនច្រើនជាង ៤០ដង ក្នុងការប្រកួតផ្សេងទៀត និងបានរួមចំណែកឈ្នះពានរង្វាន់ Premier League ១ដង UEFA Champions League ១ដង , FA Cup ១ដង , EFL Cup ២ដង និង UEFA Super Cup ១ដង ផងដែរ ។
ទៅកាន់ Brentford នេះដែរ Caoimhin Kelleher ត្រូវបានគេមើលឃើញថាជាអ្នកជំនួសតំណែងអ្នកចាំទីដៃទីមួយ កីឡាករ Mark Flekken ដែលនឹងផ្លាស់ទៅក្លិបអាល្លឺម៉ង់ Bayer Leverkusen។
កីឡាករអន្តរជាតិហូឡង់ Flekken បានចូលរួមជាមួយ Brentford ពីក្លិបអាល្លឺម៉ង់ Freiburg ក្នុងតម្លៃ ១១ លានផោនក្នុងខែឧសភា ឆ្នាំ ២០២៣ ។ រូបគបានរក្សាសំណាញ់ទីមិនអោយគូប្រកួតស៊ុតបញ្ចូលទី Clean Sheet ច្រើនជាងអ្នកចាំទីណាៗទាំងអស់នៅក្នុងក្របខណ្ឌ Bundesliga ក្នុងរយៈពេល២រដូវកាលមុន ហើយគេបានពង្រឹងកេរ្តិ៍ឈ្មោះបន្ថែមទៀត ពេលដែលប្រកបអាជីពនៅ Brentford ។
Mark Flekken បានលេងក្នុងការប្រកួត Premier League ទាំងអស់លើកលែងតែ២ប្រកួតក្នុងរយៈពេល២រដូវកាលកន្លងមក ដោយបានបង្កើន Clean Sheet ១៤ដង និង ចែកបាល់សម្រេចទី ៣ ដងផងដែរ៕