អ្នកគាំទ្រ Everton រាប់ពាន់នាក់ធ្វើពិធីលាគ្នាជាមួយ កីឡដ្ឋាន Goodison Park

Everton

អ្នកគាំទ្រ Everton រាប់ពាន់នាក់បាននាំគ្នាមកប្រមូលផ្តុំគ្នា នៅជុំវិញកីឡដ្ឋាន Goodison Park ដើម្បីធ្វើពិធីលាកីឡដ្ឋានអាយុកាល១៣៣ឆ្នាំមួយនេះ។

Everton ទើបតែបានបើកទ្វារកីឡដ្ឋាន Goodison Park ស្វាគមន៍ក្រុមភ្ញៀង Southampton សម្រាប់ជំនួបសប្តាហ៍ទី៣៧ នៃក្របខណ្ឌ Premier League ដោយបញ្ចប់ទៅជាមួយជ័យជំនះដោយ ២-០ ខណៈដែលជំនួបនោះ គឺជាការប្រកួតចុងក្រោយរបស់ក្រុមបុរសឈុតធំ Everton នៅក្នុងកីឡដ្ឋានដែលបើកដំណើរការតាំងពីឆ្នាំ១៨៩២។

ក្រុមបុរសឈុតធំ Everton នឹងផ្លាស់ទៅលេងនៅកីឡដ្ឋានថ្មីឈ្មោះថា Hill Dickinson ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៥៣ ០០០នាក់ នៅក្នុងតំបន់កំពង់ផែ Bramley-Moore Dock ដែលចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២១ និងបើកដំណើរការកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយចំណាយប្រាក់អស់ប្រមាណ ៨០០លានផោន។

Hill Dickinson គឺជាកីឡដ្ឋានដ៏ទំនើប ព្រមទាំងមានសមត្ថភាពអាចរៀបចំការប្រគុំតន្ត្រី និងការប្រកួតប្រភេទកីឡាផ្សេងទៀត ដែលអាចបង្កើតប្រាក់ចំណូលបន្ថែមមួយផ្នែកទៀតសម្រាប់ក្លិប Everton។

យ៉ាងណាក៏មានអ្នកគាំទ្រជាច្រើននាក់បានសម្រក់ទឹកភ្នែកនឹកស្រណោះអាឡោះអាល័យកីឡដ្ឋានវ័យចំណាស់មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន ៣៩ ៥៧២នាក់មួយនេះ ដែលធ្លាប់ឆ្លងកាត់ភាពរីករាយ ក្រៀមក្រំ ជោគជ័យ ជាច្រើន ជាមួយគ្នា។

បើទោះជាក្រុមឈុតធំ Everton ផ្លាស់ចេញពីកីឡដ្ឋាន Goodison Park ក៏ពិតមែន ប៉ុន្តែមិនមែនបានន័យថា កីឡដ្ឋានអាយុកាលដ៏ចំណាស់មួយនេះ ត្រូវវាយកំទេចចោលនោះទេ ដោយវា នឹងក្លាយជាទឹកដីរបស់ក្រុមនារី Everton ជំនួសវិញ៕

Last Post