អ្នកគាំទ្រខ្សែប្រយុទ្ធ Lionel Messi បានជំរុញអោយរូបគេចាកចេញពីក្លិប Inter Miami ក្រោយរងការអាម៉ាស់ក្នុងការប្រកួតចាញ់ក្រុម Paris Saint-Germain ដែលជាអតីតក្រុមរបស់ Messi ធ្លាប់ប្រកបអាជីព។
ជាការពិត Inter Miami បានចាញ់ Paris Saint-Germain ដោយលទ្ធផល ៤-០ ធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup 2025 នៅត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
ក្រុមមកពីបារាំង Paris Saint-Germain បានចាយពេលត្រឹមវគ្គទី១ ដើម្បីសម្រេចបាន៤គ្រាប់ជ័យជំនះលើក្រុមម្ចាស់ទឹកដីអាមេរិក Inter Miami ។
ក្រោយពីរងការបរាជ័យនេះ មតិលើបណ្តាញសង្គមរបស់អ្នកគាំទ្រ Lionel Messi ជាច្រើនបានជំរុញ និងដាក់សម្ពាធទៅលើប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនរូបនេះ អោយចាកចេញពីក្លិប Inter Miami តែម្តងទៅ ព្រោះមិនចង់ឃើញកីឡាករជាទីស្រឡាញ់របស់ពួកគេរងភាពអាម៉ាស់បែបនេះទៀត។
បើតាមសារពត៌មាន Goals បានសម្រង់សម្តីរបស់ក្រុមអ្នកគាំទ្រថា “Messi សូមធ្វើដើម្បីអ្នកគាំទ្រ សូមចាកចេញពីក្លិប Inter Miami មុនពេលរដូវកាលថ្មីចូលមកដល់។ ហេតុអ្វី Messi នៅតែចង់លេងអោយក្រុមនេះ ទាំងការប្រយុទ្ធ និងការពារ Messi កំពុងលេងជាមួយកីឡាករបាល់ទាត់ដែលគ្មានសមត្ថភាព។”
ទន្ទឹមនឹងការជំរុញពីអ្នកគាំទ្រ ក៏មានការបង្ហើបដែរថា អនាគតរបស់ Lionel Messi នៅ Inter Miami កំពុងមានភាពមិនច្បាស់លាស់។ តួយ៉ាង Messi នឹងផុតកិច្ចសន្យាជាមួយ Inter Miami នៅដំណាច់ឆ្នាំ២០២៥ ហើយបច្ចុប្បន្ន ក៏មិនទាន់មានការធានាពីការបន្តលេងរបស់គេជាមួយ ក្លិបអាមេរិកមួយនេះដែរ។
យ៉ាងណាក៏ដោយ មិត្តរួមក្លិប Inter Miami, Luis Suarez បានរំពឹងទុកថា Lionel Messi នឹងបន្តលេងនៅជាមួយពួកគេទៀត។ បន្ថែមពីនេះ ប្រភពជិតស្និទ្ធនឹងគ្រួសាររបស់សាមីកីឡាករបានប្រាប់ថា ក្រុមគ្រួសាររបស់គេ បានសម្របខ្លួនជាមួយការរស់នៅទីក្រុង Miami ហើយ នឹងកំពុងបញ្ចុះបញ្ចូល Messi អោយពិចារណា ពីការបន្តកុងត្រាថ្មីជាមួយក្លិប Inter Miami៕