អតីតមន្ត្រីអាជ្ញាកណ្តាលបាល់ទាត់នៅក្របខណ្ឌ Premier League ដែលត្រូវបានបណ្តេញចេញពីការងារដោយស្ថាប័នអាជ្ញាកណ្តាលអង់គ្លេស PGMOL លោក David Coote ត្រូវបានគេប្រទះឃើញក្លាយជាអ្នកដឹកជញ្ជូនអីវ៉ាន់។
បុរស វ័យ៤២ឆ្នាំ ត្រូវបានបណ្តេញចេញពីការងារដោយ PGMOL កាលពីខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីបមិនប្រក្រតីជាច្រើន រួមទាំងវីដេអូឃ្លីបដែលគាត់បានប្រមាថលើអតីតគ្រូបង្វឹក Liverpool លោក Jurgen Klopp ផងដែរ។
ដំបូងឡើយ លោក Coote គ្រាន់តែត្រូវផ្អាកសកម្មភាពការងារប៉ុណ្ណោះ ប៉ុន្តែក្រោយមកស្រាប់តែមានការបែកធ្លាយវីដេអូមួយផ្សេងទៀត បង្ហាញពីអាជ្ញាកណ្តាលរូបនេះ កំពុងហិតម្សៅម្យ៉ាងសង្ស័យជាថ្នាំញៀន អំឡុងពេលបំពេញភារកិច្ចជាមន្ត្រីក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ ដែលជាលទ្ធផលក្រោយមក UEFA សម្រេចបញ្ឈរជើងលោករយៈពេល១៦ខែ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់មកទៀត PGMOL បានប្រកាសថា ខ្លួនបានរកឃើញថា សកម្មភាពរបស់លោក Coote បានធ្វើអោយប៉ះពាល់ដល់តួនាទីជាមន្ត្រីអាជ្ញាកណ្តាលក្របខណ្ឌ Premier League ហើយក៏សម្រេចបណ្តេញរូបលោកចេញពីការងារតែម្តង។
ថ្មីៗនេះ អ្នកគ្រប់គ្នាហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលវីដេអូមួយត្រូវបានចែកចាយ ដោយបង្ហាញអោយឃើញលោក Coote ក្លាយជាអ្នកដឹកជញ្ជូនអីវ៉ាន់របស់ក្រុមហ៊ុនក្នុងស្រុកមួយ។ ប្រភពពី Daily Mail អោយដឹងថា លោក Coote បានចាប់ផ្តើមធ្វើការអោយក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់អង់គ្លេស នៃទីក្រុង Nottinghamshire៕