សហម្ចាស់ក្លិប Crystal Palace លោក John Textor បានដាក់លក់ភាគហ៊ុនក្លិបចំនួន ៤៣ ភាគរយ ដើម្បីបញ្ចៀសការបាត់កៅអី UEFA Europa League រដូវកាលក្រោយ។
លោក Textor ជាម្ចាស់ភាគហ៊ុនក្លិប Lyon ជាហេតុធ្វើអោយ Crystal Palace ប្រឈមមិនបានលេងពានលំដាប់ទីពីរអឺរ៉ុប ដោយសារល្មើសច្បាប់ UEFA ករណីម្ចាស់តែមួយគ្រប់គ្រងក្លិប២។
ទាំង Crystal Palace និង Lyon សុទ្ធតែមានកៅអី Europa League រដូវកាលក្រោយដូចគ្នា។ Crystal Palace ឈ្នះកៅអីក្របខណ្ឌ Europa League រដូវកាល ២០២៥-២៦ តាមរយៈការឈ្នះពានរង្វាន់ FA Cup លទ្ធផល ១-០ ទល់នឹង Man City។ ចំណែក Lyon ឈ្នះកៅអី Europa League ក្នុងនាមជាក្រុមឈរនៅចំណាត់ថ្នាក់លេខ ៦ ក្នុងលីគកំពូលបារាំង Ligue 1។
កិច្ចប្រជុំមួយធ្វើឡើងនៅទីស្នាក់ការរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស តំណាងក្លិប Crystal Palace បានបង្ហាញទំនុកចិត្តថា ក្លិបរបស់ពួកគេមិនមានជាប់ទំនាក់ទំនង ទៅលើក្លិប Lyon ។ យ៉ាងណា លោក Textor ដែលជាម្ចាស់ភាគហ៊ុន ៤៣ភាគរយ នៅ Crystal Palace បានអោយដឹងថា លោក ចង់លក់ភាគហ៊ុន ចេញពីក្លិបអង់គ្លេសដើម្បីធានាសុវត្ថិភាព៕