លោក Simone Inzaghi ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុម Al-Hilal របស់ក្របខណ្ឌ Saudi Pro League បន្ទាប់ពីទើបតែប្រកាសចាកចេញពីក្លិបអ៊ីតាលី Inter Milan ។
បុរសសញ្ជាតិអ៊ីតាលីបានចុះហត្ថលេខារយៈពេល២ឆ្នាំបន្ទាប់ពីចាកចេញពី Inter Milan រួចមក។ លោក Simone Inzaghi បានចុះចេញពីតំណែង ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Inter Milan ចាញ់ Paris Saint Germain យ៉ាងអាម៉ាស់ ក្នុងលទ្ធផល ៥-០ ជំនួបវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដែលមានន័យថាពួកគេបានជួបប្រទះរដូវកាលដែលគ្មានពានរង្វាន់ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩-២០ ។
តួយ៉ាងនៅក្នុងលីគកំពូលអ៊ីតាលី Serie A វិញ Inter Milan របូតពានរង្វាន់លីគកំពូល ទៅ Napoli។ Inter Milan ក៏បានចាញ់ AC Milan ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italie ផងដែរ។
លោក Inzaghi បានចូលកាន់តំណែងនៅ Inter Milan ក្នុងឆ្នាំ ២០២១ ដោយបានដឹកនាំ ក្រុមមួយនេះ លើកពានលីគអ៊ីតាលីរដូវកាល ២០២៣-២៤និងឈ្នះពាន Coppa Italia ចំនួន២ដងផងដែរ។
គ្រូបង្វឹកវ័យ ៤៩ ឆ្នាំ ក៏បានដឹកនាំ Inter Milan ទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ ២០២៣ ដែលពួកគេបានចាញ់ក្រុម Manchester City ១-០ ហើយនៅរដូវកាល ២០២៤-២៥ នេះ ពួកគេបានជួបភាពខកចិត្តដោយចាញ់ Paris Saint Germain ។
សម្រាប់ការទៅដឹកនាំ Al-Hilal លោក Inzaghi បានទៅជំនួសតំណែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jorge Jesus ដែលបានដឹកនាំក្រុមឈ្នះជើងឯក Saudi Pro League ក្នុងឆ្នាំ ២០២៣-២៤ ប៉ុន្តែត្រូវបានបណ្តេញចេញកាលពីខែមុន បន្ទាប់ពីក្រុមបានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Champions League Elite ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថាកិច្ចសន្យារបស់ លោក Inzaghi មានតម្លៃរហូតដល់ ៣០ លានអឺរ៉ូ ក្នុងមួយរដូវកាល។
ភារកិច្ចដំបូងរបស់លោក Inzaghi គឺត្រូវទទួលបន្ទុកនៅ Club World Cup 2025 ដែល Al-Hilal ប៉ះ Real Madrid ក្នុងការប្រកួតបើកឆាករបស់ពួកគេនៅទីក្រុង Miami សហរដ្ឋអាមេរិក នៅថ្ងៃទី ១៨ ខែមិថុនា ខាងមុខ៕