លោក Maurizio Sarri បានវិលមកកាន់តំណែងជាគ្រូបង្វឹក Lazio វិញ ក្រោយប្រកាសលាលែងពីតំណែងបាន១ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបនៅលីគកំពូលអ៊ីតាលី។
ពត៌មានលម្អិត នៃការនាំយក បុរសវ័យ៦៥ឆ្នាំ មកកាន់តំណែងជាលើកទី២នេះ មិនត្រូវបានបង្ហាញទេ ប៉ុន្តែ សារពត៌មាននៅអ៊ីតាលី Adnkronos បានបង្ហើបថា អតីតគ្រូបង្វឹក Chelsea និង Juventus រូបនេះបានចូលរួម Lazio ជាថ្មី ដោយចុះកុងត្រារយៈពេល ២ឆ្នាំ អមដោយជម្រើសបន្លាយថែម១ឆ្នាំទៀត។ បុរសជនជាតិអ៊ីតាលី បានមកកាន់តំណែងបន្តពីលោក Marco Baroni ដែលសុំបញ្ចប់កុងត្រា ក្រោយចប់ការប្រកួតក្របខណ្ឌ Serie A 2024-25 ចំណាត់ថ្នាក់លេខ៧។
លោក Maurizio Sarri បានលាលែងពីតំណែងជាគ្រូបង្វឹក Lazio កាលពីខែមីនា ឆ្នាំ២០២៤ ក្រោយកាន់តំណែងបានជិត៣ឆ្នាំ។ ការសុំលាលែងពីតំណែងរបស់លោក Sarri កើតឡើងបន្ទាប់ពី ការធ្លាក់ចុះទម្រង់លេងរបស់ក្លិប និង ការរិះគន់ពីអ្នកគាំទ្រទៅលើគោលការណ៍ទិញដូរកីឡាកររបស់លោក។
លោក Sarri កើតនៅទីក្រុង Naples បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្លួននៅក្លិបអ៊ីតាលី Stia ដែលជាក្លិបតូចមួយ ខណៈដែលលោកក៏មានការងារជាបុគ្គលិកធនាគារផងដែរ។ លោកបានលាឈប់ពីការងារប្រចាំថ្ងៃជាបុគ្គលិកធនាគារ ដើម្បីផ្តោតលើការងារគ្រូបង្វឹកក្រុមបាល់ទាត់ នៅដើមឆ្នាំ ២០០០ ប៉ុន្តែមិនបានឈានដល់ក្របខណ្ឌ Serie A ទេ រហូតដល់លោកមានអាយុ ៥៥ ឆ្នាំ នៅពេលដែលលោកបានដឹកនាំ Empoli អោយឡើងលេងលីគកំពូលរបស់អ៊ីតាលីក្នុងឆ្នាំ ២០១៣-១៤ ។
បន្ទាប់មក លោក Sarri បានដឹកនាំក្លិបស្រុកកំណើត Napoli ក្នុងរយៈពេល៣ឆ្នាំ ដោយការធ្វើបានល្អបំផុតគឺជួយក្លិបទទួលបានចំណាត់ថ្នាក់លេខ២។ លោកបានចំណាយពេលមួយរដូវកាលនៅ Chelsea ក្នុងឆ្នាំ ២០១៨-១៩ ដោយបានឈ្នះពានរង្វាន់ UEFA Europa League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ EFL Cup មុនពេលត្រលប់ទៅប្រទេសអ៊ីតាលីវិញ និងឈ្នះពាន Serie A ជាមួយ Juventus ក្នុងរដូវកាល ២០១៩-២០។
លោក Sarri បានចូលរួមជាមួយ Lazio ក្នុងខែមិថុនា ឆ្នាំ ២០២១ ហើយបាននាំពួកគេទៅកាន់ចំណាត់ថ្នាក់លេខ ២ ក្នុងរដូវកាល ២០២២-២៣ ដែលជាការបញ្ចប់ក្នុងលីគដ៏ល្អបំផុតរបស់ក្លិបចាប់តាំងពីការឈ្នះពានរង្វាន់ក្នុងឆ្នាំ ១៩៩៩-២០០០៕