យោងតាមរបាយការណ៍មួយពី Bloomberg បានឱ្យដឹងថាលោក Jim Ratcliffe បានស្នើរបញ្ចុះតម្លៃយ៉ាងច្រើនក្នុងការដាក់លក់ក្លឹប OGC Nice។ ម្ចាស់ក្លឹប Manchester United រូបនេះពីមុនធ្លាប់បានទាមទារតម្លៃជាង ២០០ លានអឺរ៉ូដើម្បីលក់ក្លឹបដែលមានមូលដ្ឋាននៅ Ligue 1 នេះជាអចិន្ត្រៃយ៍។
ទោះជាយ៉ាងណាក៏ដោយ ភាគីដែលចាប់អារម្មណ៍មានការស្ទាក់ស្ទើរក្នុងការបង់ថ្លៃបែបនេះដើម្បីទទួលបានភាគហ៊ុនភាគច្រើនរបស់ក្លឹប Les Aiglons។ ក្រុមដែលមានទីតាំងនៅ Côte d’Azur ត្រូវបានសម្ព័ន្ធ INEOS ដាក់លក់ក្នុងឆ្នាំ ២០២៥ ហើយរហូតមកដល់ពេលនេះមិនទាន់បានឈានដល់ការចចារដំបូងពីការលក់ក្លឹបដែលមានសក្តានុពលនៅឡើយទេ។ អ្នកជំនួញជនជាតិអង់គ្លេសរូបនេះបានជួលក្រុមហ៊ុនឈ្មួញកណ្ដាល Lizard Inc. ដើម្បីស្វែងរកអ្នកទិញ ប៉ុន្តែពួកគេនៅតែមិនបានរកឃើញនរណាម្នាក់ដែលយកចិត្តទុកដាក់ក្នុងការផ្តល់ប្រាក់ដើម្បីទិញក្លឹបបារាំងនោះទេ។
Bloomberg យល់ថាភាពមិនប្រាកដប្រជាទាក់ទងនឹងសិទ្ធិផ្សាយនៅក្នុងបាល់ទាត់បារាំងបានកំណត់សមត្ថភាពរបស់សម្ព័ន្ធ INEOS។ បន្ទាប់ពីការបរាជ័យក្នុងកិច្ចព្រមព្រៀងផ្សាយជាមួយ DAZN ដោយលីគ Ligue 1 ឥឡូវនេះមានសេវាកម្មទិញផ្ទាល់ខ្លួនតែម្ដង៕







