ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk បាននិយាយថា ការចាកចេញរបស់ ខ្សែការពារ Trent Alexander-Arnold នឹងមិនប៉ះពាល់ដល់ពិធីអបអរឈ្នះជើងឯក Premier League របស់ក្រុមនោះទេ។
ជាការពិត កីឡាករវ័យ២៦ឆ្នាំ បានប្រកាសចាកចេញពី Liverpool នៅពេលដែលកិច្ចសន្យារបស់គេនឹងផុតកំណត់នៅដំណាច់ខែមិថុនាខាងមុខ ដោយរូបគេត្រូវបានរំពឹងថា នឹងទៅចូលរួមជាមួយ Real Madrid ។
ជាមួយនឹងការចាកចេញរបស់ Trent Alexander-Arnold នេះដែរ Virgil van Dijk បានសម្តែងពីការសោកស្តាយដែលរូបគេនឹងបាត់បង់មិត្តរួមក្រុមដ៏សំខាន់ ដែលបានជួយក្រុមឈ្នះពានរង្វាន់នានាជាច្រើន។
យ៉ាងណា ការចាកចេញរបស់ Alexander-Arnold នឹងមិនប៉ះពាល់ដល់ពិធីអបអររបស់ Liverpool ដែលឈ្នះជើងឯក Premier League 2024-25 និងជាការឈ្នះជាលើកទី២០ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមនោះទេ។
ទាក់ទិននឹងរឿងនេះ Virgil van Dijk បានអោយដឹងថា “យើងពិតជាចង់ឈ្នះ២ប្រកួតចុងក្រោយ ដោយមានវត្តមានរបស់ Trent Alexander-Arnold ។ យើងចង់លើកពានជាមួយគ្នា និងអបអរសារទជាមួយគ្នាដូចមុន។ យ៉ាងណា Trent Alexander-Arnold មានផ្លូវដើរបស់គេ ហើយយើងគាំទ្រគេក្នុងការស្វែងរកអ្វីថ្មីក្នុងអាជីព។ យើងសោកស្តាយ ចំពោះការបាត់បង់រូបគេ ប៉ុន្តែការចាកចេញនេះ ក៏នឹងមិនធ្វើអោយ យើងត្រូវមានភាពអួរអាប់ប៉ះពាល់ដល់ការអបអរ ជោគជ័យរបស់ក្រុមដែរ។”
សូមបញ្ជាក់ថា Liverpool បានគ្រងជើងឯក Premier League 2024-25 រួចរាល់ហើយ ប៉ុន្តែពួកគេនៅសល់២ប្រកួតចុងក្រោយទៀត ដោយត្រូវប៉ះ Brighton & Hove Albion នៅថ្ងៃទី ១៩ ខែឧសភា និង ប៉ះ Crystal Palace នៅថ្ងៃទី ២៥ ខែឧសភា ខាងមុខ៕