គ្រូបង្វឹក លោក Xabi Alonso បាននិយាយថា រូបលោកព្រមទាំងក្រុម Real Madrid នឹងបន្តគាំទ្រ ខ្សែការពារ Antonio Rudiger ក្រោយរូបគេរងការរើសអើងជាតិសាសន៍នៅ FIFA Club World Cup 2025។
Antonio Rudiger កីឡាករសញ្ជាតិអាល្លឺម៉ង់របស់ Real Madrid ត្រូវបានរងការរើអើងជាតិសាសន៍នៅចុងបញ្ចប់នៃការប្រកួត FIFA Club World Cup 2025 ជុំទី២ពូល H ដែលពួកគេបានយកឈ្នះក្រុមម៉ិកស៊ិក Pachuca ដោយលទ្ធផល ៣-១។ ការប្រកួតនោះដែរ Real Madrid មានគ្នាតែ១០នាក់ក្រោយពីកីឡាករ Raúl Asencio ត្រូវពិន័យកាតក្រហមតាំងពីនាទី៧ ប៉ុន្តែ ក្រុមអធិរាជស នៅតែបន្តធ្វើបានល្អ ដោយរកគ្រាប់នាំមុខមុន២គ្រាប់ដោយ Jude Bellingham នាទី៣៥ និង Arda Güler នាទី៤៣។ នៅវគ្គទី២ Federico Valverde បន្តរកគ្រាប់បាល់ គ្រាប់ទី៣ អោយ Real Madrid នៅនាទី៧០ មុនពេលក្រុម Pachuca តាមបាន១គ្រាប់នៅនាទី៨០ ដោយ Elías Montiel មុនបញ្ចប់ការប្រកួត។
សម្រាប់បញ្ហារបស់ Antonio Rudiger វិញគឺរូបគេបានប៉ះទង្គិចជាមួយប្រធានក្រុម Pachuca កីឡាករ Gustavo Cabral ក្នុងម៉ោងបន្ថែម ។ បន្ទាប់មក Rudiger បានបា្រប់អាជ្ញាកណ្តាលលោក Ramon Abatti Abel ថា មានទង្វើរើសអើងជាតិសាសន៍។ វាមិនច្បាស់ថាតើការរើសអើងជាតិសាសន៍កើតឡើងពីកីឡាករក្រុមគូប្រជែង ឬអ្នកគាំទ្រនោះទេ ប៉ុន្តែ ចំពោះបញ្ហានេះ គ្រូបង្វឹក Real Madrid លោក លោក Xabi Alonso បានអះអាងថា លោក ជឿជាក់លើ Antonio Rudiger ថា រូបគេពិតជាបានរងការបំពានរើសអើងជាតិសាសន៍ពិតមែន ហើយសង្ឃឹមថា ស្ថាប័ន FIFA នឹងដោះស្រាយបញ្ហានេះ។
លោក Xabi Alonso បាននិយាយដូច្នេះ “នោះជាអ្វីដែល Rudiger និយាយ ហើយយើងជឿជាក់លើគេ។ វាមានសារៈសំខាន់ណាស់ក្នុងការមិនមានការអត់ឱនចំពោះស្ថានភាពទាំងនេះ។ ឥឡូវនេះ FIFA កំពុងស៊ើបអង្កេត។ នោះជាអ្វីដែលខ្ញុំអាចនិយាយបាន។”
កាលពីឆ្នាំ ២០២១ អំឡុងពេល Rudiger នៅជាកីឡាកររបស់ Chelsea រូបគេបាននិយាយថា គ្មានអ្វីផ្លាស់ប្តូរទេ ទោះជាមានយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ក្នុងកីឡាបាល់ទាត់ ដោយសកម្មភាពបែបនោះនៅតែកើតមានដដែលតែរូបគេនឹងបន្តប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍តទៀត។
ដោយឡែក ចំពោះជ័យជំនះនេះដែរបានជួយ Real Madrid ឈានមួយជំហានក្នុងការបន្តក្តីសង្ឃឹមលេងនៅ FIFA Club World Cup 2025 ។ គិតត្រឹមជុំទី២នេះ Real Madrid ឈរកំពូលតារាងពូល H មាន ៤ពិន្ទុស្មើពិន្ទុក្រុមលេខ២ Red Bull Salzburg។ ក្រុមអារ៉ាប៊ីសាអូឌីត Al Hilal នៅលេខ២ មាន២ពិន្ទុ ហើយក្រុម Pachuca មាន០ពិន្ទុនៅបាតតារាង។ ការប្រកួតជាបន្តគឺ Real Madrid ត្រូវប៉ះ Red Bull Salzburg ថ្ងៃទី២៦ ខែមិថុនា ខាងមុខ៕