គ្រូបង្វឹក Real Madrid លោក Xabi Alonso បាននិយាយថា ខ្សែប្រយុទ្ធ Kylian Mbappe កំពុងខិតទៅជិតភាពរឹងមាំពេញលេញ មុនពេលការប្រកួត FIFA Club World Cup 2025 វគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុមរបស់លោកបានទម្លាក់ក្រុម Juventus ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។
ជាការពិត Real Madrid បានឈ្នះ Juventus ដោយលទ្ធផល ១-០ ដែលគ្រាប់បាល់ជ័យជំនះតែ១គ្រាប់របស់ក្រុមអធិរាជសនេះ ធ្វើបានដោយ Gonzalo García នៅក្នុងនាទី ៥៤ នៃវគ្គទី២។ ការប្រកួតនេះដែរ ជាការបង្ហាញខ្លួនលើកដំបូងរបស់ Kylian Mbappe បន្ទាប់ពីរូបគេបានអវត្តមានគ្រប់ការប្រកួតនៅវគ្គចែកពូល បន្ទាប់ពីរូបគេត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ព្រោះមានបញ្ហារលាកក្រពះ។
កីឡាករបារាំង បានចូលលេង នៅក្នុងនាទី ៦៨ ជំនួស Gonzalo García បន្ទាប់ពីកីឡាកររូបនេះបានរកគ្រាប់បញ្ចូលទីរួច។ វត្តមានរបស់ Kylian Mbappe នៅលើទីលាន ធ្វើអោយ លោក Xabi Alonso មានសុទិដ្ឋិនិយមថា កីឡាករវ័យ ២៦ឆ្នាំ នឹងមានភាពមុតស្រួចជាងមុនសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ។
ទាក់ទិននឹងរឿងនេះ លោក Alonso បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំគិតថាពីមួយថ្ងៃទៅមួយថ្ងៃ Kylian Mbappe បានប្រសើរឡើង ហើយរូបគេនឹងស្ថិតក្នុងភាពល្អប្រសើរជាងនេះ។ យ៉ាងណា យើងនឹងបន្តតាមដានសុខភាពជាមួយគេជារៀងរាល់ថ្ងៃ ហើយខ្ញុំជឿថា នៅវគ្គ៨ក្រុម រូបគេនឹងមានភាពពេញលេញ ធ្វើអោយក្រុមកាន់តែមានភាពខ្លាំងក្លាបន្ថែមទៀត។”
សម្រាប់ការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA Club World Cup 2025 ក្រុម Real Madrid នឹងត្រូវជួប ក្រុមអាល្លឺម៉ង់ Borussia Dortmund ដែលបានឈ្នះ ក្រុមម៉ិកស៊ិក Monterrey៕