គ្រូបង្វឹក PSG លោក Luis Enrique បានធ្វើការសរសើរកីឡាករខ្លួនយ៉ាងរីករាយ ក្រោយពីពួកគេបានបន្តយកឈ្នះ Arsenal សាជាថ្មី នៅក្នុងការប្រកួតជើងទី២វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដែលធ្វើឡើងនាកីឡដ្ឋាន Parc des Princes កាលពីយប់មិញ។
ការប្រកួតនោះ ក្រុមម្ចាស់ផ្ទះ PSG បាននាំមុខមុនក្នុងនាទី ២៧ ដោយ ការស៊ុតរបស់ Fabian Ruiz នៅក្នុងនាទី១៨ ដោយវគ្គទី១ មានបាល់ចូលសំណាញ់ទីតែ១គ្រាប់នេះ។
នៅក្នុងវគ្គទី២ នាទី៦៩ កីឡាករ Arsenal Myles Lewis-Skelly បានយកដៃប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់ដែលនាំអោយ PSG ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែកីឡាករ Vitinha ដែលជាអ្នកស៊ុតបាល់ពិន័យនោះធ្វើមិនបានសម្រេចទេ។ យ៉ាងណា PSG នៅតែអាចរកបានគ្រាប់បាល់នាំមុខគ្រាប់ទី២បានដដែល ដោយការស៊ុតរបស់ Achraf Hakimi នៅនាទី៧២។ ងាកមកខាងក្រុមភ្ញៀវ Arsenal វិញ បានប្រឹងប្រែងវាយសម្រុករហូតតាមបាន១គ្រាប់ ដោយការស៊ុតរបស់ Bukayo Saka នៅនាទី៧៦ ប៉ុន្តែមិនអាចជួយក្រុមទទួលបានជ័យជំនះនោះទេ។ លទ្ធផល PSG ២ Arsenal ១ បន្តដល់ចប់ការប្រកួត។
កាលពីជើងទី១ PSG បានឈ្នះ Arsenal ១-០ បូករួមជើងទី២នេះទៀត PSG បានឈ្នះ Arsenal ដោយលទ្ធផលសរុប ៣-១ ដែលមានន័យថា ក្រុមមកពីបារាំងនេះនឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League ។
ភាពល្អប្រសើរនេះបានធ្វើអោយ គ្រូបង្វឹក PSG លោក Luis Enrique មានការសប្បាយចិត្តចំពោះការខិតខំរបស់កូនក្រុម ហើយលោកបានធ្វើការលើកសរសើរកីឡាករមិនដាច់ពីមាត់។
បុរសជនជាតិអេស្ប៉ាញ បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “វាជាការប្រកួតដ៏អស្ចារ្យ។ គូប្រកួតយើងលើកនេះខ្លាំងមែន ប៉ុន្តែនោះជាបាល់ទាត់ អ្នកត្រូវតែសម្របខ្លួន។ ពួកយើងធ្វើបានល្អ និងបានផ្លាស់ប្តូរស្ថានការណ៍ និងរក្សាការលេងល្អរហូតបានឈ្នះនៅពេលនេះ។”
នេះជាការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League សាជាថ្មីរបស់ PSG ដោយការឡើងមកលើកមុនក្នុងឆ្នាំ ២០២០ តែបានចាញ់ក្រោមថ្វីជើង Bayern Munich។
ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើកនេះ PSG នឹងត្រូវប៉ះ Inter Milan ដែលបានទម្លាក់ Barcelona ខណៈការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើង នាថ្ងៃទី៣១ ខែឧសភា នាកីឡដ្ឋាន Allianz Arena ទីក្រុង Munich ប្រទេសអាល្លឺម៉ង់៕



