គ្រូបង្វឹក Paris Saint Germain លោក Luis Enrique បានធ្វើការរិះគន់គុណភាពស្មៅ នៃទីលានមួយចំនួនក្នុងការប្រកួត FIFA Club World Cup 2025 បន្ទាប់ពីក្រុមរបស់ខ្លួនបានយកឈ្នះក្រុមម្ចាស់ផ្ទះអាមេរិក Seattle Sounders ក្តី។
ជាការពិត Paris Saint Germain បានយកឈ្នះក្រុម Seattle Sounders ដោយលទ្ធផល ២-០ ក្នុងការប្រកួតនាទីលាន Lumen Field ស្ថិតក្នុងទីក្រុង Seattle ដោយ២គ្រាប់របស់ក្រុមមកពីបារាំង ធ្វើបានដោយ Khvicha Kvaratskhelia នៅនាទី៣៥ និង Achraf Hakimi នៅនាទី៦៦។ ក្រុមម្ចាស់ជើងឯក Ligue 1 បានរងបរាជ័យដ៏គួរអោយភ្ញាក់ផ្អើលដោយក្រុមប្រេស៊ីល Botafogo កាលពីចុងសប្តាហ៍មុន ប៉ុន្តែជាមួយនឹងជ័យជំនះលើក្រុម Seattle Sounders ធ្វើអោយពួកគេធានាកៅអីទៅកាន់ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA Club World Cup 2025។ ទោះបានទទួលជ័យជំនះក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក Paris Saint Germain លោក Luis Enrique នៅតែបង្ហាញការមិនពេញចិត្តជាមួយនឹងស្ថានភាពស្មៅលើទីលាន ដែលធ្វើអោយកូនក្រុមរបស់ខ្លួនពិបាកលេង។
តួយ៉ាង គ្រូបង្វឹកជនជាតិអេស្ប៉ាញបាននិយាយបែបនេះថា “ស្មៅលើទីលានដែលកូនក្រុមបានលេងក្នុងការប្រកួតរហូតមកដល់ពេលនេះ វាពិតជាមានភាពខុសប្លែកគ្នាទៅនឹងស្មៅលើទីលាននៅអឺរ៉ុប ។ វាពិតជាពិបាកសម្រាប់កូនក្រុមរបស់ខ្ញុំក្នុងការប្រដេញបាល់ ដោយវាបានលោត ដូចជាសត្វទន្សាយអញ្ចឹងនៅកីឡដ្ឋាន Lumen Field នោះ។”
លោក Enrique បានបន្ថែមថា FIFA គួរតែយកចិត្តទុកដាក់លើលក្ខខណ្ឌនៃការប្រកួត និងទីលានហ្វឹកហាត់ ប្រសិនបើពួកគេចង់អោយការប្រកួតមានកម្រិតខ្ពស់បំផុតក្នុងពិភពលោក។
ចំពោះការលើកឡើងរបស់លោក Luis Enrique ក៏កើតឡើងបន្ទាប់ពីខ្សែបម្រើ Real Madrid កីឡាករ Jude Bellingham បានអំពាវនាវអោយមានការកែលម្អទីលាន ដើម្បីការពារកីឡាករបន្ទាប់ពីការទទួលជ័យជំនះលើក្រុម Pachuca រួចមក៕