គ្រូ Paris Saint-Germain ថាខ្លួនមិនសូវពេញចិត្តទម្រង់លេងរបស់កូនក្រុម ទោះបានឈ្នះ Inter Miami

Goalkhmer.com
Paris Saint-Germain

គ្រូបង្វឹកលោក Luis Enrique បានលើកឡើងថា ខ្លួនហាក់មិនសូវពេញចិត្តនឹងការលេងរបស់កូនក្រុម Paris Saint-Germain របស់លោក បើទោះបីបានយកឈ្នះ ក្រុមម្ចាស់ផ្ទះអាមេរិក Inter Miami CF ក្តី។

ជាការពិត Paris Saint-Germain បានយកឈ្នះ Inter Miami ដោយលទ្ធផល ៤-០ នៅវគ្គ១៦ក្រុមចុងក្រោយ FIFA Club World Cup 2025។ ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Mercedes-Benz Stadium នាទីក្រុង Atlanta នោះ Paris Saint-Germain បានគ្របសង្កត់គូប្រកួត Inter Miami មិនអោយតដៃរួច ដោយពួកគេរកបានគ្រាប់បាល់ ដល់ទៅ៤គ្រាប់តាំងពីវគ្គទី១។

គ្រាប់បាល់របស់ Paris Saint-Germain រកបានដោយ João Neves តាំងពីនាទី៦ មុនពេលកីឡាករវ័យ២០ឆ្នាំ បន្តរកគ្រាប់ទី២ នៅនាទី ៣៩។ គ្រាប់បាល់ទី៣របស់ក្រុមមកពីបារាំង កើតឡើងដោយការភ្លាត់អោយបាល់ចូលទីខ្លួនឯងរបស់កីឡាករ Inter Miami, Tomás Avilés មុនពេលគ្រាប់ទី៤កើតឡើងដោយ Achraf Hakimi នៅនាទី៤៥+៣ មុនចប់វគ្គទី១។

នៅវគ្គទី២ មិនមានគ្រាប់បាល់កើតឡើងទៀតនោះទេ ដោយលទ្ធផល Paris Saint-Germain ៤ Inter Miami ០ បន្តដល់ចប់ការប្រកួត។

ទោះបានឈ្នះការប្រកួតក៏ពិតមែន ប៉ុន្តែ គ្រូបង្វឹក Paris Saint-Germain លោក Luis Enrique ហាក់មិនពេញចិត្តចំពោះការលេងរបស់កូនក្រុមនោះឡើយ ដោយលោកយល់ថា ពួកគេហាក់មិនបញ្ចេញអស់ពីសមត្ថភាពនិងប្រើប្រាស់ថាមពលតិចជាងការប្រកួតលើកមុនៗ។

បុរសសញ្ជាតិអេស្ប៉ាញ បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “ យើងពិតជាលេងមិនបានស្រុះគ្នា និង អស់ពីកំលាំងកាយចិត្តសោះ ប៉ុន្តែខ្ញុំក៏អាចញញឹមដោយសប្បាយចិត្ត។ លទ្ធផលជ័យជំនះ នេះក៏បង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់របស់កីឡាកររបស់ខ្ញុំដែរ។”

ជំនួបរវាង Paris Saint-Germain និង Inter Miami ជាការប្រកួតដែលអ្នកគាំទ្រជាច្រើនរំពឹងចង់ដឹង ពីលទ្ធភាពតទល់របស់ ខ្សែប្រយុទ្ធ Lionel Messi ទល់នឹងក្រុមចាស់ Paris Saint-Germain របស់គេ ប៉ុន្តែ កីឡាករអាហ្សង់ទីនបានត្រឹមតែសោកស្តាយ ដែលមិនអាចទទួលជ័យជំនះបាន។

សម្រាប់ក្រុម Paris Saint-Germain នឹងបន្តឡើងទៅកាន់ វគ្គ៨ក្រុមចុងក្រោយ ដោយត្រូវជួប ក្រុមមកពីអាល្លឺម៉ង់ Bayern Munich ដែលបានទម្លាក់ក្រុមប្រេស៊ីល Flamengo៕

Last News