គ្រូបង្វឹកលោក Ruben Amorim បានសារភាពថា លោកគួរតែចុះចេញពីតំណែង ប្រសិនបើ Man UTD នៅតែមានទម្រង់លេងមិនល្អដូចនេះ ទៅលេងនៅរដូវកាលក្រោយ។
Man UTD នៅតែមានភាពធ្លាក់ចុះក្នុងកម្រិតទាបមួយ ដោយការប្រកួត Premier League នៅកីឡដ្ឋាន Old Trafford កាលពីពេលថ្មីៗនេះ បញ្ចប់ដោយលទ្ធផលបរាជ័យទៀតហើយ គឺចាញ់ West Ham United ២-០។
ក្រោយការបរាជ័យសាជាថ្មីនោះ ក៏មានការចោទសួរពីអនាគតផ្ទាល់ខ្លួនហើយលោក Amorim បាននិយាយថា “យើងកំពុងបាត់បង់អារម្មណ៍ថាយើងជាក្លិបដ៏ធំមួយ ហើយខកចិត្តណាស់ដែលបន្តការចាញ់ការប្រកួតនៅក្នុងផ្ទះ។”
១០ ប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League ក្រុមរបស់លោក Amorim បានយកឈ្នះលើក្រុម Ipswich Town និង Leicester City ដែលជាក្រុមត្រូវបានកាត់ចោលពីលីគកំពូលអង់គ្លេស ខណៈការប៉ះក្រុមដទៃទៀតគឺពួកគេជួបការបរាជ័យ ឬ បានត្រឹមស្មើប៉ុណ្ណោះ។
ជុំវិញរឿងនេះ បុរសជនជាតិព័រទុយហ្កាល់ បានបន្តថា “អ្នកគ្រប់គ្នានៅទីនេះត្រូវគិតអោយបានហ្មត់ចត់អំពីរឿងជាច្រើន។ ខ្ញុំកំពុងនិយាយអំពីខ្លួនខ្ញុំ និងវប្បធម៌នៅក្នុងក្លិប។ យើងត្រូវតែផ្លាស់ប្តូរវា ដើម្បីស្វែងរកភាពល្អប្រសើរមកវិញ។ វាជាពេលវេលាសម្រេចចិត្តការផ្លាស់ប្តូរ។ ភាពមិនល្អប្រសើរនៅរដូវកាលនេះ ខ្ញុំមិនចង់អោយវាកើតមាននៅរដូវកាលក្រោយទៀតឡើយ តែបើវាបន្តកើតមាន នោះខ្ញុំគួរតែគិតគូរលាលែងចេញពីតំណែងហើយ។”
ចាប់តែពីទទួលតំណែងដឹកនាំ Man UTD ជាផ្លូវការ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំមុននោះ លោក Ruben Amorim បានដឹកនាំចំនួ ៣៩ប្រកួត ដោយក្នុងនោះ ឈ្នះ ១៥ ស្មើ ១០ និង ចាញ់១៤ដង ហើយលោកបានចាត់ទុកនេះជារឿងអាម៉ាស់មួយសម្រាប់រូបលោកនឹងក្រុម។
សម្រាប់ការបន្តបរាជ័យនៅលីគកំពូលអង់គ្លេស ក្រុម Man UTD នៅឈរលេខ ១៦ មានតែ ៣៩ពិន្ទុប៉ុណ្ណោះ។ លទ្ធផលនេះ ធ្វើអោយក្រុមបិសាចក្រហម កំពុងឆ្ពោះទៅរកចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីយុទ្ធនាការ ដែលត្រូវបានកាត់ចេញក្នុងឆ្នាំ ១៩៣០-៣១ ដោយកាលណោះពួកគេមានតែ ២៩ ពិន្ទុ ក្នុងយុទ្ធនាការ ៤២ ប្រកួត៕







