គ្រូបង្វឹក Xabi Alonso នឹងចាកចេញពី Bayer Leverkusen នៅចុងបញ្ចប់រដូវកាលនេះ

Goalkhmer.com
Xabi Alonso

គ្រូបង្វឹក លោក Xabi Alonso នឹងចាកចេញពី Bayer Leverkusen នៅចុងបញ្ចប់នៃរដូវកាលនេះ ចំពេលមានរបាយការណ៍ថា រូបលោកនឹងជំនួសតំណែងលោក Carlo Ancelotti នៅ Real Madrid ។

កាលពីឆ្នាំមុន លោក Alonso អតីតខ្សែបម្រើ Liverpool បានដឹកនាំ Bayer Leverkusen ឈ្នះពាន Bundesliga ដោយមិនចាញ់មួយប្រកួត រួមជាមួយនឹងពានក្នុងស្រុក២ទៀតគឺ DFB-Pokal និង DFL-Super Cup ក្នុងរដូវកាលដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹកពេញលេញ។

ជុំវិញដំណឹងចាកចេញនេះដែរ បុរសវ័យ៤៣ឆ្នាំ បាននិយាយថា “ក្លិបនិងខ្ញុំបានព្រមព្រៀងគ្នាថា ខ្ញុំនឹងចាកចេញពី Bayer Leverkusen ហើយ ។ វាមិនមែនជាពេលដែលត្រូវនិយាយច្រើនពេកអំពីអនាគតនោះទេ ព្រោះយើងចង់លាគ្នាដោយរីករាយ ហើយវាគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការប្រកាសវា។”

លោក Xabi Alonso បានលេងអោយ Real Madrid ចន្លោះឆ្នាំ ២០០៩ និង ២០១៤ បន្ទាប់ពីប្រកបអាជីពរយៈពេល ៥ ឆ្នាំនៅ Liverpool ហើយក៏បញ្ចប់អាជីពជាកីឡាករជាមួយ Bayern Munich ក្នុងឆ្នាំ ២០១៧ ។

បុរសជនជាតិអេស្ប៉ាញ ត្រូវបានទាក់ទងដោយ Real Madrid, Liverpool និង Bayern Munich កាលពីឆ្នាំមុន ប៉ុន្តែ បាននិយាយកាលពីខែមីនា ឆ្នាំ ២០២៤ ថា រូបលោកចង់បន្តនៅ Bayer Leverkusen ទៀត ប៉ុន្តែពេលនេះលោកបានប្រកាសចាកចេញ ចំពេលមានការផ្សារភ្ជាប់រូបលោកទៅដឹកនាំ Real Madrid។

BBC Sport បានរាយការណ៍កាលពីខែមុនថា គ្រូបង្វឹក Real Madrid លោក Carlo Ancelotti គ្រោងនឹងពិភាក្សាបន្ថែមទៀត អំពីការចូលកាន់តំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលមុនពេលការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២៦ នៅខែមិថុនា។

លោក Ancelotti បានចូលដឹកនាំ Real Madrid ជាលើកទី២ក្នុងឆ្នាំ២០២១ និងបានឈ្នះ UEFA Champions League ៣ដងផងដែរ។ យ៉ាងណាមិញ នៅរដូវកាលនេះ Real Madrid បានបរាជ័យក្នុងការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកទី ៣ ក្នុងរយៈពេល ១២ រដូវកាលចុងក្រោយ ហើយពួកគេទើបតែចាញ់គូប្រជែង Barcelona ក្នុងជំនួប El Clasico ដោយលទ្ធផល ៤-៣ ដែលធ្វើអោយពួកគេ តាមពីក្រោយ Barcelona ចំនួន ៧ ពិន្ទុជាមួយនឹងការប្រកួតលីគចំនួន ៣ប្រកួតទៀត៕

Last News