គ្រូបង្វឹក លោក Gian Piero Gasperini បានបញ្ជាក់ពីការចាកចេញពីតំណែងនៅក្រុម Atalanta នៃក្របខណ្ឌ Serie A ។
ការចាកចេញរបស់បុរសវ័យ៦៧ឆ្នាំ មិនមែនជារឿងគួរអោយភ្ញាក់ផ្អើលនោះទេ ខណៈដែលលោកបាននិយាយកាលពីខែកុម្ភៈថា លោកនឹងមិនបន្តកិច្ចសន្យាថ្មីនោះទេ។
លោក Gian Piero Gasperini បានប្រាប់អ្នកគាំទ្រ Atalanta តាមរយៈកាសែតអ៊ីតាលី l’Eco di Bergamo ថា “វាមិនអាចទៅរួចទេក្នុងការបង្ហាញរឿងនេះពីមុនមក មានតែរយៈកាលចុងក្រោយនេះប៉ុណ្ណោះ ដែលខ្ញុំពិតជាសម្រេចចិត្តបញ្ចប់រឿងដ៏អស្ចារ្យរយៈពេល៩ឆ្នាំនេះជាមួយ Atalanta។”
លោកបានបន្ថែមថា “យើងបានគ្រប់គ្រងដើម្បីសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យដែលមិនគួរអោយសង្ស័យ។ ខ្ញុំចង់ធ្វើបន្ថែមទៀត ប៉ុន្តែយើងមានពេលវេលាមានកំណត់ជាមួយគ្នា តែខ្ញុំប្រាកដថា Atalanta នឹងធ្វើវាម្តងទៀត នៅពេលអនាគត។”
លោក Gian Piero Gasperini បានកែប្រែ Atalanta ពីក្រុមធម្មតាទៅជាក្រុមក្នុងចំណោមក្រុមនាំមុខគេក្នុងក្របខណ្ឌ Serie A ក្នុងរដូវកាលថ្មីៗនេះ ហើយលោកបានដឹកនាំពួកគេអោយឈ្នះពានរង្វាន់ UEFA Europa League នៅឆ្នាំ ២០២៤ ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា លោក Gasperini គ្រោងនឹងចូលកាន់តំណែងជាគ្រូបង្វឹករបស់ AS Roma បន្ទាប់ពី លោក Claudio Ranieri ចូលនិវត្តន៍៕