ខ្សែប្រយុទ្ធ Neymar បានចុះហត្ថលេខាបន្តកិច្ចសន្យារយៈពេល៦ខែទៀតជាមួយក្លិប ប្រេស៊ីល Santos ដែលធ្វើអោយរូបគេលេងជាមួយក្លិបរហូតដល់ដំណាច់ឆ្នាំ២០២៥។
កីឡាករវ័យ ៣៣ឆ្នាំ បានត្រលប់ទៅក្លិបពីកុមារភាពរបស់គេវិញ ដោយចុះកិច្ចសន្យារយៈពេល ៦ ខែក្នុងខែមករាបន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយក្លិប Al-Hilal នៅក្របខណ្ឌ Saudi Pro League ។
Neymar ស៊ុតបញ្ចូលទីបាន ១៤១ គ្រាប់ និង ចែកបាល់សម្រេចទី ៦៩ដង ក្នុងការបង្ហាញខ្លួន ២៤៣ ប្រកួត សម្រាប់ Santos ។ អតីតខ្សែប្រយុទ្ធ Paris St-Germain និង Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិបនៅទ្វីបអឺរ៉ុប មុនពេលចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Santos រហូតដល់ចុងបញ្ចប់នៃរដូវកាល Serie A ប្រេស៊ីល ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចសន្យាបន្ថែមទៀត។
ជាមួយនឹងការបន្តកិច្ចសន្យាថ្មីនេះដែរ Neymar បាននិយាយថា “ខ្ញុំបានធ្វើការសម្រេចចិត្តមួយ ហើយខ្ញុំបានស្តាប់ពីបេះដូងរបស់ខ្ញុំ។ Santos មិនមែនគ្រាន់តែជាក្លិបរបស់ខ្ញុំទេ វាជាផ្ទះរបស់ខ្ញុំ ជាដើមកំណើតរបស់ខ្ញុំ ប្រវត្តិរបស់ខ្ញុំ និងជីវិតរបស់ខ្ញុំ។ នៅទីនេះខ្ញុំជាក្មេងប្រុសម្នាក់ដែលបានក្លាយជាកីឡាករបាល់ទាត់ ហើយខ្ញុំពិតជាស្រលាញ់ទីនេះណាស់។ នៅទីនេះខ្ញុំអាចក្លាយជាខ្លួនខ្ញុំផ្ទាល់ ពិតជាសប្បាយចិត្ត។នេះគឺជាកន្លែងដែលខ្ញុំចង់បំពេញក្តីសុបិនដែលបាត់ក្នុងអាជីពរបស់ខ្ញុំ ហើយគ្មានអ្វីអាចរារាំងខ្ញុំបានទេ។ នេះជាកន្លែងដែលវាចាប់ផ្តើម និងកន្លែងដែលវានឹងមិនបញ្ចប់ទេ។”
ដោយឡែក ចាប់តាំងពីវិលត្រឡប់មកចូលរួមជាមួយ Santos តាំងពីខែមករា ក៏ពិតមែន ប៉ុន្តែ Neymar បានលេងតែ៤ប្រកួតអោយក្លិបនេះ ក្នុងការប្រកួតលីគកំពូលប្រេស៊ីល ដោយសាររងរបួសភ្លៅ។ រូបគេក៏អវត្តមានជាបន្ត បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩។
សម្រាប់ Santos បច្ចុប្បន្នកំពុង ឈរនៅលេខ១៥ នៃការប្រកួតក្របខណ្ឌ Serie A ប្រេស៊ីល មាន ១១ ពិន្ទុក្រោយឆ្លងកាត់១២ប្រកួតរួចមក។ Santos នឹងវិលមកកាន់ការប្រកួតវិញ នៅថ្ងៃទី ១២ ខែកក្កដា ខាងមុខ ដោយត្រូវជួបជាមួយក្រុម Palmeiras នៅកីឡដ្ឋាន Vila Belmiro៕