ខ្សែប្រយុទ្ធ Mohamed Salah ឈ្នះពានរង្វាន់កីឡាករឆ្នើម FWA Footballer of the Year 2024-25

Goalkhmer.com
Mohamed Salah

ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមអ្នកនិពន្ធបាល់ទាត់ Football Writers’ Association Men’s Player of The Year Award 2024-25 ដែលការប្រគល់ពានរង្វាន់បានធ្វើឡើងនាទីក្រុងឡុង ប្រទេសអង់គ្លេស។

នេះជាលើកទី៣ហើយ ដែលកីឡាករអេហ្ស៊ីប បានឈ្នះពានរង្វាន់ FWA Footballer of the Year បន្ទាប់ពីធ្លាប់ឈ្នះក្នុងឆ្នាំ ២០១៧-១៨ និង ២០២១-២២ រួចមក។

ជោគជ័យនេះបានធ្វើអោយ Mohamed Salah ក្លាយជាកីឡាករទី២ ដែលបានឈ្នះពានរង្វាន់ FWA Footballer of the Year ចំនួន ៣ ដងបន្ទាប់ពីអតីតខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Thierry Henry។

Mohamed Salah នាំមុខជាកីឡាករស៊ុតបានច្រើនគ្រាប់ជាងគេនៅក្របខណ្ឌ Premier League 2024-25 ដោយរកបាន ២៨ គ្រាប់និងបានជួយ Liverpool ឈ្នះជើងឯកពានរង្វាន់លីគកំពូលអង់គ្លេស ជាលើកទី២០ តាមស្មើកំណត់ត្រារបស់ Man UTD ។

ជាមួយនឹងការឈ្នះពានរង្វាន់នេះដែរ កីឡាករវ័យ៣២ឆ្នាំ បានបញ្ចេញពីចំណាប់អារម្មណ៍របស់ខ្លួនថា “វាមានន័យខ្លាំងណាស់ ការឈ្នះពានរង្វាន់នេះគឺមិនគួរអោយជឿ ខ្ញុំតែងតែមានអារម្មណ៍ពិសេសក្នុងការឈ្នះពានរង្វាន់។ ការឈ្នះអ្វីមួយជាមួយសមាគម FWA គឺពិសេសជាទីបំផុត។”

ដោយឡែក មិត្តរួមក្រុមរបស់ Mohamed Salah គឺខ្សែការពារហូឡង់ Virgil Van Dijk ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការបោះឆ្នោត ដោយនាំមុខខ្សែប្រយុទ្ធ Alexander Isak របស់ Newcastle United និងខ្សែបម្រើ Declan Rice របស់ Arsenal ។

ងាកទៅខាងផ្នែកនារីវិញ កីឡាការិនីខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Alessia Russo របស់ក្រុមនារី Arsenal បានផ្តួលកីឡាការិនីខ្សែប្រយុទ្ធជនជាតិចាម៉ៃកា Khadija Shaw របស់ Man City និងជាម្ចាស់ជើងឯកកាលពីឆ្នាំមុន ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Football Writers’ Association Women’s Player of The Year Award 2024-25 នេះ៕

Last News