ខ្សែប្រយុទ្ធ Kylian Mbappé វិលមកហ្វឹកហាត់ជាមួយ Real Madrid វិញក្រោយចាកចេញពីមន្ទីរពេទ្យ

Goalkhmer.com
Kylian Mbappé

ខ្សែប្រយុទ្ធ Kylian Mbappé បានវិលត្រឡប់មកហ្វឹកហាត់ជាមួយ Real Madrid វិញហើយ ក្រោយចាកចេញពីមន្ទីរពេទ្យ។

កីឡាករវ័យ២៦ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារជំងឺរលាកក្រពះធ្ងន់ធ្ងរ ប៉ុន្តែពេលនេះ រូបគេទទួលការអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យហើយ ក្រោយឆ្លងកាត់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

ប្រធានក្រុមជម្រើសជាតិបារាំង បានខកខានការហ្វឹកហាត់កាលពីសប្តាហ៍មុនដោយសារអាការៈគ្រុនក្តៅ ហើយក៏អវត្តមានសម្រាប់ការប្រកួតជម្រុះក្នុងពូល H ពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក ចំនួន២ប្រកួត ដែលក្រុម Real Madrid បានត្រឹមស្មើលទ្ធផល ១-១ ទល់នឹង Al-Hilal និងការប្រកួតឈ្នះ Pachuca ដោយលទ្ធផល ៣-១ ។

ក្លិប Real Madrid បានប្រកាសថា Mbappé បានចូលមន្ទីរពេទ្យ ដោយសារជំងឺរលាកក្រពះធ្វើទុក្ខខ្លាំង ប៉ុន្តែរូបគេ ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ហើយត្រឡប់ទៅជុំរំហ្វឹកហាត់ក្រុមវិញ ស្ថិតនៅតំបន់ Palm Beach រដ្ឋ Florida។

ក្លិបក៏បានបន្ថែមថា Mbappe នឹងបន្តការព្យាបាលរហូតជាសះស្បើយ ១០០ ភាគរយ ហើយរូបគេនឹងវិលត្រឡប់ទៅចូលរួមសកម្មភាពក្រុមវិញជាបណ្តើរៗ។

សូមជម្រាបថា ការប្រកួតចុងក្រោយក្នុងពូល H របស់ Real Madrid គឺនឹងត្រូវប៉ះក្រុមជើងខ្លាំងមកពីអូទ្រីស Red Bull Salzburg នៅឯកីឡដ្ឋាន Lincoln Financial Field នាទីក្រុង Philadelphia រដ្ឋPennsylvania រីឯការប្រកួត១គូទៀតក្នុងពូល H នេះដែរ គឺ Al-Hilal ត្រូវប៉ះ Pachuca ។

ការប្រកួតនេះជាការប្រកួតសំខាន់នៃពូល H ដើម្បីកាត់សេចក្តីស្វែងរកក្រុមដែលត្រូវបន្តឡើងទៅកាន់ជុំបន្តនៃពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ដោយបច្ចុប្បន្ននេះ Real Madrid ឈរកំពូលតារាងមាន ២ពិន្ទុ ស្មើក្រុមលេខ២ Red Bull Salzburg ខណៈក្រុម Al-Hilal នៅលេខ៣ មាន ២ពិន្ទុ ។ ទាំង៣ក្រុមនេះសុទ្ធតែមានឱកាសដណ្តើមកៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុម Pachuca មាន០ពិន្ទុនៅបាតតារាង និង អស់ឱកាសហើយ ៕

Last News