ខ្សែប្រយុទ្ធ João Pedro សុំទោសអតីតក្រុម Fluminense ក្រោយជួយ Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup

Goalkhmer.com
João Pedro

ខ្សែប្រយុទ្ធ João Pedro បានធ្វើការសុំទោសអតីតក្រុមដែលរូបគេធ្លាប់ប្រកបអាជីពជាមួយគឺក្រុម Fluminense ក្រោយពីរូបគេបានស៊ុតបញ្ចូលសំណាញទីក្រុមមួយនេះ ដើម្បីជួយក្រុមបច្ចុប្បន្ន Chelsea ទទួលជ័យជំនះនៅក្នុងវគ្គ៤ក្រុមចុងក្រោយ FIFA Club World Cup 2025។

ជាការពិត ក្រុមអង់គ្លេស Chelsea បានយកឈ្នះក្រុមប្រេស៊ីល Fluminense ដោយលទ្ធផល ២-០ ដែលជាការស៊ុតបញ្ចូលទីទាំង២គ្រាប់ពីកីឡាករចំណូលថ្មី João Pedro។

ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន MetLife Stadium នេះដែរ មានអ្នកគាំទ្រចូលរួមទស្សនាកុះករដោយមានប្រមាណជា៧ម៉ឺននាក់ឯណោះ ដែលចំនួននេះកើនឡើងក្រោយពី FIFA បានបញ្ចុះតម្លៃសំបុត្រការប្រកួតពី ៤៧៣,៩០ដុល្លារមកត្រឹម ១៣,៤០ដុល្លារ។

ក្នុងការប្រកួតនោះ João Pedro បានរកគ្រាប់បាល់បញ្ចូលទី គ្រាប់ទី១របស់ Chelsea ក្នុងនាទី១៨ នៃវគ្គទី១។ រហូតដល់នាទី ៥៦ នៃវគ្គទី២ ទើប កីឡាករវ័យ២៣ឆ្នាំដដែល បានរកគ្រាប់បាល់បញ្ចូលទី១ គ្រាប់ទៀត ដើម្បីជួយ Chelsea ទទួលបានជ័យជំនះ។ រាល់ការស៊ុតបញ្ចូលសំណាញ់ទី Fluminense João Pedro សុទ្ធតែបានបង្ហាញកាយវិការសុំទោសទៅកាន់អតីតក្រុម។

ជាការពិត ទោះជាមានភាពរីករាយក្នុងការជួយក្រុមបច្ចុប្បន្ន Chelsea បានឈ្នះក៏ពិតមែន ប៉ុន្តែ João Pedro ក៏មានភាពសោកសៅ ដែលរូបគេបានទម្លាក់ក្រុម Fluminense ដែលជាក្រុមរូបគេបានប្រកបអាជីពដំបូងតាំងពីនៅថ្នាលយុវជន និង រហូតបានលេងអោយក្រុមឈុតធំ។ João Pedro បានចូលរួមជាមួយ Fluminense តាំងពីឆ្នាំ ២០១១ និងបានលេងអោយក្រុមឈុតធំ ក្នុងឆ្នាំ២០១៩ មុនពេលផ្លាស់ទៅកាន់ Watford ពីឆ្នាំ២០២០-២៣ រួចបន្តលេងអោយ Brighton។ រូបគេទើបតែបានផ្លាស់ទៅចូលរួម Chelsea កាលពីសប្តាហ៍មុនប៉ុណ្ណោះ ក្នុងតម្លៃប្រមាណជា ៦០លាន ផោន។

ជុំវិញរឿងនេះ João Pedro បានអោយដឹងដូច្នេះ “ ខ្ញុំពិតជាសុំទោសទៅកាន់ Fluminense ។ កាលខ្ញុំនៅក្មេង ខ្ញុំមិនមានអ្វីទាំងអស់តែ Fluminense បានផ្តល់អ្វីគ្រប់យ៉ាងដល់ខ្ញុំ។ ពួកគេបង្ហាញខ្ញុំទៅកាន់ពិភពលោក។ ប្រសិនបើខ្ញុំនៅទីនេះ គឺដោយសារតែពួកគេជឿលើខ្ញុំ។ ដូច្នេះខ្ញុំមានអំណរគុណយ៉ាងខ្លាំង ប៉ុន្តែនេះគឺជាកីឡាបាល់ទាត់។ ខ្ញុំពិតជាអាណិត Fluminense ប៉ុន្តែខ្ញុំត្រូវតែធ្វើការងាររបស់ខ្ញុំ។”

សម្រាប់ជ័យជំនះនេះ Chelsea នឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup 2025 រង់ចាំជួបអ្នកឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាង ក្រុមបារាំង Paris Saint-Germain និង ក្រុមអេស្ប៉ាញ Real Madrid ដែលនឹងធ្វើការប្រកួតគ្នា នៅយប់នេះ នាកីឡដ្ឋាន MetLife Stadium ដដែល៕

Last News