ខ្សែប្រយុទ្ធ Heung-min Son របស់ Tottenham Hotspur បានបញ្ចប់ក្តីសុបិនអាក្រក់របស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់រយៈពេល១៥ឆ្នាំ ក្រោយពីរូបគេបានឈ្នះពានរង្វាន់ UEFA Europa League ដែលជាការឈ្នះពានរង្វាន់ជាមួយក្លិប ជាលើកដំបូងបំផុត។
ជាការពិត Tottenham Hotspur បានធ្វើអោយ Man UTD ជួបភាពខកចិត្ត នៅក្នុងការប្រកួតវគ្គផ្តាច់ ព្រ័ត្រពានរង្វាន់ UEFA Europa League កាលពីយប់មិញ បន្ទាប់ពីពួកគេយកឈ្នះក្នុងលទ្ធផល ១ ទល់នឹង ០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Brennan Johnson នៅនាទីទី ៤២។
ជុំវិញជ័យជំនះនេះបានធ្វើអោយ Tottenham Hotspur ក្លាយជាម្ចាស់ពាន UEFA Europa League ជាផ្លូវការ និងបញ្ចប់កំណត់ត្រាមិនឈ្នះពានសោះក្នុងរយៈពេល ១៧ ឆ្នាំ។
ងាកមកកាន់ Son វិញ សម្រាប់ពានមួយនេះ គឺកាន់តែមានអត្ថន័យ និងគួរអោយរំភើបចំពោះគេបំផុត ពីព្រោះនេះគឺជាពានដំបូង ដែលរូប គេ បានឈ្នះជាមួយក្លិបអាជីពក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។
ជាមួយនឹងការឈ្នះពាននេះដែរ កីឡាករកូរ៉េខាងត្បូង បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង នឹងថា ទីបំផុតក្តីសុបិនរបស់គេបានក្លាយជាការពិតហើយ។
Heung-min Son បានអោយដឹងក្រោយចប់ការប្រកួតថា “បាទមែនហើយ ទីបំផុតសុបិនរបស់ខ្ញុំបានក្លាយជាការពិត ១០០ភាគរយ។ ខ្ញុំដឹងតាំងពីដំបូងថា យើងពិតជាអាចឈ្នះពាន UEFA Europa League ហើយវាកើតឡើង។ ខ្ញុំមានអារម្មណ៍លើសពី ភាពរីករាយដែលមិនអាចបរិយាយបាន ខ្ញុំគឺជាកីឡាករដែលមានសំណាងបំផុត។”
គួរបញ្ជាក់ថា Heung-min Son បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូងជាមួយក្រុម អាល្លឺម៉ង់ Hamburger SV នៅឆ្នាំ ២០១០។ លុះលេងនៅទីនោះបាន ៣ ឆ្នាំ រូបគេក៏បានផ្លាស់ទៅកាន់ក្រុម Bayer Leverkusen។ បន្ទាប់ពីលេងនៅទីនោះដល់ឆ្នាំ ២០១៥ រូបគេបានផ្លាស់មកកាន់ក្រុម Spurs រហូតមកដល់បច្ចុប្បន្ន។ តាំងពីមកចូលរួមជាមួយ Tottenham Hotspur មកនោះ Heung-min Son ធ្លាប់បានតែឈ្នះពានរង្វាន់ឯក្កតជន ហើយទើបតែបានឈ្នះពានរង្វាន់ ជាមួយក្លិប Tottenham Hotspur ជាលើកដំបូងគឺពានរង្វាន់ UEFA Europa League នេះ។
សម្រាប់ជោគជ័យនេះ ដែរ Tottenham Hotspur បានស្តារមុខមាត់របស់ខ្លួនបានឡើងវិញ ដ្បិតពួកគេមានភាពដុនដាបក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥៕