ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថាបច្ចុប្បន្នលីគបាល់ទាត់អារ៉ាប៊ីសាអូឌីត Saudi Pro League បានក្លាយជាលីគកំពូលទី៥ ប្រចាំពិភពលោកហើយ បន្ទាប់ពីរូបគេបានបានបន្តកិច្ចសន្យាថ្មី រយៈពេល ២ឆ្នាំ រកបានចំណូលជិត ៧០០លានដុល្លារ ពីក្លិប Al Nassr។
កីឡាករព័រទុយហ្កាល់ ជាមួយនឹងក្លិប Al Nassr នៅក្របខណ្ឌ Saudi Pro League បានប្រកាស បន្តកិច្ចសន្យា ២ឆ្នាំ ថែមទៀត ហើយដែលនឹងផ្តល់ឱកាសដល់រូបគេអាចប្រកបអាជីពដល់វ័យ ៤២ឆ្នាំ។
ក្រោយបន្តកិច្ចសន្យាថ្មី ហើយរកបានចំណូលលើសពីមុន កីឡាករវ័យ ៤០ឆ្នាំ បាននិយាយដូច្នេះថា “ ជាការពិត Saudi Pro League កំពុងតែអភិវឌ្ឍខ្លាំងឡើង តែខ្ញុំជឿជាក់ថាស្ថានភាពបច្ចុប្បន្ននេះ លីគកំពុងតែក្លាយជាលីគបាល់ទាត់កម្រិតទី៥ ប្រចាំពិភពលោករួចទៅហើយ។ ខ្ញុំជឿជាក់ យើងនឹងបន្តការរីកចម្រើនបែបនេះតទៅទៀត យើងមានពេលវេលាគ្រប់គ្រាន់ ហើយយើងនឹងបង្ហាញវានៅរយៈពេល ២ឆ្នាំទៅមុខទៀត ដែលថាលីគរបស់យើងគឺជាលីគបាល់ទាត់ដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្ត។”
គូសបញ្ជាក់ថា កិច្ចសន្យាថ្មី ២ឆ្នាំបន្តនៅក្លិប Al Nassr នឹងធ្វើអោយ Ronaldo រកបានចំណូលសរុបជាង ៦៧៥លានដុល្លារ តាមរយៈកិច្ចសន្យាប្រាក់ពលកម្ម ប្រាក់លើកទឹកចិត្តចុះកិច្ចសន្យា ប្រាក់ពីដៃគូសហការពាណិជ្ជកម្ម ប្រាក់ពីភាគហ៊ុន ក្លិប និងការបង្ហាញទម្រង់លេងល្អលើទីលាន រួមទាំងការស៊ុតបាល់បញ្ចូលទីជាដើម។
ចាប់តាំងពីចូលរួមជាមួយ Al-Nassr កាលពីខែ មករា ឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន Ronaldo រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានចំនួន ៩៩ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១១១ ប្រកួត។ ប្រឹងប្រែងលេងសម្រាប់ Al-Nassr ក៏ពិតមែន ប៉ុន្តែ Cristiano Ronaldo មិនទាន់អាចជួយក្លិបឈ្នះជើងឯក Saudi Pro League នៅឡើយទេ ដោយបានឈ្នះតែពានរង្វាន់ Arab Club Champions Cup កាលពីឆ្នាំ ២០២៣។
យ៉ាងណា Cristiano Ronaldo ខ្លួនឯងបានឈ្នះពានរង្វាន់ឯក្កតជនស្បែកជើងមាសនៅលីគកំពូលអារ៉ាប៊ីសាអូឌីត ២ដងមកហើយ៕