ខ្សែបម្រើ Paul Pogba រំភើបដល់ស្រក់ទឹកភ្នែកក្រោយបានចូលរួមជាមួយ Monaco

Goalkhmer.com
Paul Pogba

ខ្សែបម្រើ Paul Pogba បានបង្ហាញពីក្តីរំភើបរហូតដល់ស្រក់ទឹកភ្នែកនៅពេលរូបគេបានចុះកិច្ចសន្យាជាមួយក្លិប AS Monaco ក្រោយឃ្លាតឆ្ងាយពីអាជីពបាល់ទាត់ជិត ២ឆ្នាំ ដោយសារបម្រាមព្រោះធ្វើតេស្តរកឃើញប្រើសារធាតុហាមឃាត់។

អំឡុងពេលចុះកិច្ចសន្យាជាមួយក្លិប AS Monaco កីឡាករបារាំងបានស្រក់ទឹកភ្នែកព្រោះតែដឹងថា ខ្លួនបានទទួលឱកាសបង្ហាញសមត្ថភាពលើទីលានបាល់ទាត់ឡើងវិញ។

ចាប់តាំងពីឆ្នាំ ២០២៤ មក Pogba បានជាប់បម្រាមពីសកម្មភាពបាល់ទាត់ ព្រោះតែរូបគេត្រូវបានធ្វើតេស្តរកឃើញប្រើប្រាស់សារធាតុហាមឃាត់ អំឡុងប្រកបអាជីពនៅក្លិបអ៊ីតាលី Juventus រហូតត្រូវបានក្លិបផ្តាច់កិច្ចសន្យាមុនពេលកំណត់។

រូបគេបានរងពិន័យពីសកម្មភាពបាល់ទាត់រយៈពេល ៤ឆ្នាំ ប៉ុន្តែបន្ទាប់ពីមានការប្តឹងឧទ្ធរណ៍ តុលាការអាជ្ញាកណ្តាលកីឡា ក៏បានបន្ថយបម្រាមនៅត្រឹម១ឆ្នាំកន្លះវិញ។

នៅក្នុងការចុះហត្ថលេខាជាមួយ Monaco នោះ Paul Pogba បានបង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួនដូច្នេះថា “ ខ្ញុំសូមអរគុណដល់ក្លិប Monaco ដែលជឿទុកចិត្ត និង ផ្តល់ឱកាសដល់រូបខ្ញុំ។ ខ្ញុំរំភើប និង មិននឹកស្មានថា ទទួលបានរឿងនេះ។ ខ្ញុំសន្យាថា នឹងខិតខំអោយអស់ពីសមត្ថភាព ដើម្បីជួយក្លិបទទួលជោគជ័យ និងមិនអោយអ្នកគាំទ្រខកបំណងទេ។”

ដោយឡែករដូវកាលមុន AS Monaco ជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងលីគកំពូលបារាំង Ligue 1 ។ វត្តមានរបស់ Pogba អាចនឹងជួយពង្រឹងកម្លាំងបន្ថែមត្រង់ប្រព័ន្ធបម្រើ ហើយនឹងមានកម្រិតប្រកួតប្រជែងល្អមួយ ទាំងនៅក្នុងលីគ និងកម្រិតពានរង្វាន់អឺរ៉ុប រដូវកាលក្រោយនេះ៕

Last News