ខ្សែបម្រើ Luka Modric នឹងទៅចូលរួម AC Milan ក្រោយចប់ FIFA Club World Cup 2025

Goalkhmer.com
Luka Modric

ប្រធានក្រុម ខ្សែបម្រើ Luka Modric នឹងចាកចេញពី Real Madrid ទៅចូលរួមក្រុម AC Milan ក្រោយពីបំពេញភារកិច្ចនៅក្នុងការប្រកួតពានរង្វាន់ FIFA Club World 2025 រួច។ នេះបើតាមការបញ្ជាក់ពីគ្រូបង្វឹក AC Milan ថ្មី លោក Massimiliano Allegri។

ការផ្លាស់ប្តូរនេះមានន័យថា កីឡាករវ័យ៣៩ឆ្នាំ ដែលបានប្រកាសកាលពីខែឧសភាថារូបគេនឹងចាកចេញពី Real Madrid បន្ទាប់ពីការប្រកួត FIFA Club World Cup 2025 នឹងបញ្ចប់ការរួមរស់រយៈពេល ១៣ឆ្នាំជាមួយក្រុមយក្សអេស្ប៉ាញមួយនេះ។ ហើយដំណឹងនៃក្លិបថ្មីរបស់ Luka Modric ត្រូវបានបញ្ជាក់ដោយ លោក Allegri ដែលបានត្រលប់មកវិញសម្រាប់តំណែងជាគ្រូបង្វឹក AC Milan ជាលើកទី២ ជំនួសកន្លែងលោក Sergio Conceicao ដែលត្រូវបណ្តេញចេញកាលពីពេលកន្លងទៅ ។

ជុំវិញដំណឹងនៃការផ្លាស់ប្តូររបស់ Luka Modric លោក Massimiliano Allegri បាននិយាយដូច្នេះថា “Modric នឹងមកដល់ក្នុងខែសីហា។ គេគឺជាកីឡាករដ៏អស្ចារ្យម្នាក់។”

Modric បានបង្ហាញខ្លួនចំនួន៥ ដងសម្រាប់ Real Madrid ក្នុងការប្រកួត FIFA Club World Cup 2025 រួមទាំងការទទួលជ័យជំនះ ៣-២ លើក្រុម Borussia Dortmund ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៅជួបនឹងក្រុម Paris St-Germain ។ ម្ចាស់ពានរង្វាន់ Ballon d’Or 2018 បានឈ្នះពានរង្វាន់ចំនួន ២៨ដង រួមទាំងពានរង្វាន់ UEFA Champions Leagues ចំនួន ៦ និង La Liga ចំនួន ៤ដង ជាមួយនឹង Real Madrid ចាប់តាំងពីផ្ទេរពី Tottenham ក្នុងឆ្នាំ ២០១២។ កីឡាករក្រូអាត ចង់លេងនៅ FIFA World Cup 2026 ហើយចង់លេងនៅកម្រិតខ្ពស់បំផុតម្តងទៀតនៅរដូវកាលក្រោយ ដើម្បីបង្កើនឱកាសរបស់ខ្លួន។

ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខណ្ឌ Serie A កាលពីរដូវកាលមុន AC Milan បានលក់ខ្សែបម្រើ Tijjani Reijnders ទៅ Man City កាលពីខែមុន ខណៈខ្សែការពារឆ្វេង Theo Hernandez ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្រុម Al-Hilal នៅ Saudi Pro League ប៉ុន្តែលោក Allegri ដែលបានដឹកនាំ AC Milan ឈ្នះពាន Serie A ក្នុងឆ្នាំ ២០១១ កំឡុងពេលដឹកនាំរយៈពេល៤ឆ្នាំដំបូងរបស់ខ្លួន នៅតែមានសង្ឃឹមទៅលើកីឡាករដែលនៅសល់ និងកីឡាករចំណូលថ្មីបន្ថែមនៅរដូវកាលក្រោយ៕

Last News