ក្រោយទើបទទួលកិច្ចសន្យាថ្មី ខ្សែបម្រើ Raphinha ថាខ្លួនចង់លេងជាមួយ Barcelona រហូតដល់ចូលនិវត្តន៍

Raphinha

ខ្សែបម្រើ Raphinha បាននិយាយថា ក្តីសុបិនរបស់គេគឺចង់លេងនៅ Barcelona រហូតដល់ចុងបញ្ចប់នៃអាជីពនិងចូលនិវត្តន៍ជាមួយក្លិបតែម្តង ដោយការលើកឡើងនេះគឺបន្ទាប់ពីរូបគេ ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ រហូតដល់ឆ្នាំ ២០២៨ ។

កីឡាករវ័យ២៨ឆ្នាំ បានស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ និងបញ្ជូនបាល់សម្រេចទីចំនួន ២៥ ដងក្នុងការបង្ហាញខ្លួន ៥៦ប្រកួត នៅរដូវកាលនេះ ខណៈដែលក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Hansi Flick បានបញ្ចប់ការប្រកួតឈ្នះពានក្នុងស្រុកចំនួន៣គឺពាន La Liga, Copa del Rey និង Spanish Super Cup ។

Raphinha ដែលកិច្ចព្រមព្រៀងចាស់មានសុពលភាពត្រឹមឆ្នាំ ២០២៧ បាននិយាយថា “វាជាអ្វីដែលពិសេស ហើយការមានអារម្មណ៍ថាជាផ្នែកមួយនៃគ្រួសារ Barcelona ដែលធ្វើអោយខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។ ក្តីសុបិន្តរបស់ខ្ញុំគឺចង់នៅទីនេះរហូតដល់ចុងបញ្ចប់នៃអាជីព ហើយខ្ញុំសង្ឃឹមថានឹងអាចធ្វើវាបាន ប៉ុន្តែនៅក្នុងកម្រិតល្អបំផុតរបស់ខ្ញុំ។”

កីឡាករប្រេស៊ីល បានចូលរួមជាមួយ Barcelona ក្នុងឆ្នាំ ២០២២ ពីក្លិបអង់គ្លេស Leeds United ដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ក្នុងអំឡុងពេល២រដូវកាលនៅក្របខណ្ឌ Premier League ។

បន្ទាប់ពីរកគ្រាប់បាល់បានតែ១៣គ្រាប់ក្នុងលីគក្នុងអំឡុងពេល២រដូវកាលដំបូងរបស់ខ្លួន ក្នុងប្រទេសអេស្ប៉ាញនោះ Raphinha គឺជាបេក្ខភាពដែលអាចនឹងត្រូវបានលក់ ខណៈ Barcelona ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ យ៉ាងណាមិញ នៅរដូវកាល ២០២៤-២៥ នេះ គេបានឃើញការផ្លាស់ប្តូរដ៏គួរអោយកត់សម្គាល់មួយ ដោយ Raphinha បានស៊ុតបញ្ចូលទី ១៨ គ្រាប់ដើម្បីជួយក្លិបឈ្នះពាន La Liga ឡើងវិញ។

Raphinha ក៏បានចូលរួមចំណែក ស៊ុត ១៣ គ្រាប់ និង ចែកបាល់សម្រេចទី ៩ ដងក្នុងយុទ្ធនាការរបស់ Barcelona ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ដែលទាក់ទាញចំណាប់អារម្មណ៍ពីក្លិបនៅ Premier League និងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត។

បន្ទាប់ពីរដូវកាលដ៏អស្ចារ្យ Raphinha ក៏ត្រូវបានគេចាត់ទុកថាជាគូប្រជែងសម្រាប់ពានរង្វាន់កីឡាករឆ្នើមពិភពលោក Ballon d’Or រួមជាមួយមិត្តរួមក្រុមរបស់គាត់ និងខ្សែបម្រើស្លាបអេស្ប៉ាញ Lamine Yamal និងខ្សែប្រយុទ្ធបារាំង Ousmane Dembele របស់ Paris St-Germain ផងដែរ។

បន្ថែមពីនេះ Raphinha ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមម្នាក់ក្នុងចំណោមប្រធានក្រុមទាំង៥ របស់ Barcelona សម្រាប់រដូវកាលនេះជាមួយនឹង Marc-Andre ter Stegen, Ronald Araujo, Frenkie de Jong និង Pedri ថែមទៀត ៕

Last Post